ក្រសួងទេសចរណ៍ដាក់ចេញនូវសសរស្ដម្ភសំខាន់ៗដើម្បីជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ
បន្ទាប់ពីភាពធូរស្បើយនៃជំងឺកូវីដ១៩មក វិស័យដែលរងផលប៉ះពាល់ខ្លាំងក៏ចាប់ផ្ដើមត្រលប់មករកភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗ។ វិស័យទេសចរណ៍ ដែលជាវិស័យមួយរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរនោះ ក៏ចាប់រើបឡើងវិញ តាមរយៈការធ្វើដំណើរចូលមករបស់ភ្ញៀវអន្តរជាតិ រួមទាំងការធ្វើដំណើរក្នុងស្រុក របស់ទេសចរផ្ទៃក្នុង។
ទន្ទឹមនឹងគោលដៅសម្រេចឲ្យបានភ្ញៀវអន្តរជាតិ ៤លាននាក់ក្នុងឆ្នាំនេះ ច្បាស់ណាស់ថាក្រសួងត្រូវតែដាក់ចេញនូវគោលនយោបាយថ្មីៗ ដើម្បីឱ្យក្ដីរំពឹងអាចសម្រេចបាន។ ម្យ៉ាងទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី សម្រាប់និតិកាលទី៧នេះ គ្រប់វិស័យត្រូវមានការពង្រឹងដើម្បីការអភិវឌ្ឍប្រទេសជាតិជារួម។
សម្រាប់វិស័យទេសចរណ៍ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី ក៏បានដាក់ចេញនូវគោលនយោបាយ ព្រមទាំងសសរស្ដម្ភមួយចំនួន ដើម្បីដើរទន្ទឹមគ្នាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងឱ្យដឹងពីចក្ខុវិស័យរបស់ក្រសួងទេសចរណ៍យ៉ាងដូច្នេះថា ចក្ខុវិស័យនឹងដើរស្របជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មីដោយការធានាឱ្យបាន៥យ៉ាង សន្តិសុខ ការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ការលើកកម្ពស់ជីវភាពប្រជាជន ការធានាលើសុវត្ថិភាពនៃការរស់នៅរបស់ប្រជាជនទាំងបច្ចុប្បន្ន និងអនាគត ហើយចុងក្រោយគឺការបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញនូវសសរស្ដម្ភចំនួន៥គឺ៖
១. បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅ ទេសចរណ៍សកលឈានមុខ។
២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ ដើម្បីធ្វើឱ្យទេសចរនៃទីផ្សារគោលដៅអាទិភាព និងពិភពលោកចាប់អារម្មណ៍មកទស្សនា។
៣. ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បី សម្រួលការធ្វើដំណើរ និងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។
៤. បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរដោយផ្អែកលើបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ ភាពជាខ្មែរ និងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្ត ស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។
៥. ការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍៕