Close

ក្លីនីក រ៉ាក់ ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពតាមរយៈការផ្តល់ចំណេះដឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្លីនីក រ៉ាក់ ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពតាមរយៈការផ្តល់ចំណេះដឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ ក្លីនីក រ៉ាក់ ធ្វើយុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពតាមរយៈការផ្តល់ចំណេះដឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ

សៀមរាប ៖ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងតាមរយៈការផ្តល់ចំណេះដឹង និងសារអប់រំ ក្រុមយុវវ័យ ក្លីនីក រ៉ាក់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីសុខភាព ផ្លូវភេទសុខភាពបន្តពូជ នេះដើម្បីជម្រុញឱ្យយុវវ័យទាំងអស់បានឈ្វេងយល់ពីចំណេះដឹងអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដែលអាចឱ្យពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវលើរឿងផ្លូវភេទរបស់ខ្លួន។

លោកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិនៃក្លីនីក រ៉ាក់ បានមានប្រសាសន៍ថា ការលើកកម្ពស់ក្នុងការផ្សព្វផ្សាយអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ដោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបានថា យុវវ័យលើសពី ៣.៥លាននាក់ ទទួលបានព័ត៌មានទាក់ទងនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិស្របតាមអាយុរបស់ពួកគេ។

នៅក្លីនិក រ៉ាក់ ក្រុមយុវវ័យត្រូវបានចាត់ទុកជាក្រុមអាទិភាពមួយ ដែលពួកគេតែងតែត្រូវបានផ្តល់ឱកាសក្នុងការចូលរួមជាផ្នែកមួយ ដើម្បីលើកកម្ពស់ចំណេះដឹងអប់រំ ទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ទៅដល់យុវវ័យ ដោយរាប់បញ្ចូលទាំងក្រុមអ្នកមាននិន្នាការចម្រុះ ទាំងក្នុង និងក្រៅសាលារៀន។

លោកស្រីបានឲ្យដឹងទៀតថា ក្រុមយុវវ័យរបស់រ៉ាក់បានធ្វើការដោះស្រាយលើបញ្ហាជាច្រើនដែលយុវវ័យបាននឹងកំពុងជួបប្រទះដោយក្នុងនោះរួមមានបញ្ហារៀបការវ័យក្មេង អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការទទួលបានសេវា និងព័ត៌មានត្រឹមត្រូវស្តីពីសេវាពន្យារកំណើត ការរំលូតដោយសុវត្ថិភាព និងជំនឿ បទដ្ឋានសង្គមអវិជ្ជមានមួយចំនួនដែលជាឧបសគ្គរារាំងយុវវ័យមិនអាចឱ្យពួកគេទទួលបានចំណេះដឹងពេញលេញស្តីអំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិបាន។

ប្អូនស្រី រឿន ស្រីណាត់ ជាអនុប្រធានបណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព នៃអង្គការរ៉ាក់ ចង់ឱ្យយុវជនចូលរួមឱ្យបានច្រើនព្រោះចំណេះដឹងពាក់ព័ន្ធសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធ គឺមានសារៈសំខាន់ណាស់។ នៅពេលដែលយុវ័យបានយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ កាន់តែច្រើន យើងអាចកាត់បន្ថយជំងឺកាមរោគកាន់តែច្រើន និងដឹងពីរបៀបនៃការការពារ និងវិធីព្យាបាលផ្សេងៗអំពីបញ្ហាទាក់ទងសុខភាពរបស់យើង ជាពិសេសអង្គការរ៉ាក់ប្តេជ្ញា អនុវត្តនូវសិទ្ធិផ្លូវភេទ ហើយយើងចង់ឃើញ បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព អាចធ្វើការដើម្បីលើកកម្ពស់នូវការចូលរួម និងផ្តល់សិទ្ធិអំណាចទៅដល់យុវវ័យពាក់ព័ន្ធជាមួយសិទ្ធិសុខភាពផ្លូវភេទ សុខភាពបន្តពូជ នៅក្នុងប្រទេសតាមរយៈបណ្តាញយុវវ័យស្ម័គ្រចិត្តដែលជាសមាជិករបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការជិះកង់ដើម្បីលើកកម្ពស់សុខុមាលភាពល្អ តាមរយៈការផ្តល់ចំណេះដឹងអំពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិរបស់យុវវ័យនេះ មានអ្នកចូលរួមមកពីបណ្តាស្រុកនានាក្នុងខេត្តសៀមរាបសរុបចំនួន១០០នាក់៕

អត្ថបទទាក់ទង