Close

គ.ជ.ប បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូនភាគីពាក់ព័ន្ធ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូនភាគីពាក់ព័ន្ធ គ.ជ.ប បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូនភាគីពាក់ព័ន្ធ

ភ្នំពេញ៖  បន្ទាប់ពីបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួនរួច គណៈកម្មាធិការជតិរៀបចំកាដរបោះឆ្នោត (គ.ជ.ប) បន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣” ជូនប្រធានអនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តការងារលើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដូចដែលការរៀបចំវគ្គបណ្ដុះបណ្ដាលនៅពេលនេះជាឧទាហរណ៍ស្រាប់ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅល្អ និងធានាបាននូវសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់បោះឆ្នោតជាធរមាន។

ឯកឧត្ដមបានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ១៩ ថ្ងៃ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្ដមបានបន្តទៀតថា ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឬអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬទិន្នន័យរបស់ខ្លួនមិនត្រឹមត្រូវ មានសិទ្ធិស្នើសុំចុះឈ្មោះបោះឆ្នោត ឬកែតម្រូវឈ្មោះ និងទិន្នន័យ នៅក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅជាក់ស្ដែង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះរៀបចំឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ១២០ នាក់៕


អត្ថបទទាក់ទង