ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា
នៅ ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះរៀបចំធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នេះ ថា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)»។
ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើងដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។
បច្ចុប្បន្ន គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលប្រជាពលរដ្ឋទូទៅ មានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលសាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញដល់ឫសគល់ បព្វជិតសាសនានានា ត្រូវបានកាប់សម្លាប់ ឬចាបផ្សឹក វត្តអារាម វិហារ សាលាសាសនា គម្ពីរ ធម៌អាថ៌នានា ត្រូវបានបំផ្លិចបំផ្លាញខ្ទេច ខ្ទីរស្ទើរគ្មានសល់។
ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លា នាថ្ងៃរំដោះ ៧មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៏ដឹកនាំដ៏ឆ្នើម បានខិតខំដឹកនាំស្តារ និងអភិវឌ្ឍសង្គមកម្ពុជា ពីបាតដៃទទេ និងគំនរផេះផង់ ការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ កិត្យានុភាពជាតិល្បីល្បាញ នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕