រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់រយៈពេល៥ ឆ្នាំដំបូង
ភ្នំពេញ ៖ សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងក្នុងអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានបន្តថា ៖ «ជារួម យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។ ដំណាក់កាលនីមួយៗ នឹងត្រូវបានកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស, តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗ ដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ក្នុងក្របខណ្ឌនៃការគិតគូរជារួមខាងលើ, សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ជាក់ស្ដែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម ៖
១. ភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង ៤ ដំណាក់កាល តាមរយៈការការពារឱ្យបានដាច់ខាត និងការបន្តពង្រឹងនូវសុខសន្តិភាព, ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម; ការពង្រឹងការគោរពច្បាប់ និងវិធាននៃច្បាប់, ការលើកស្ទួយនីតិរដ្ឋ, សិទ្ធិសេរីភាព, សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពប្រជាជន, ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, សា្ថប័ន និងយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។
២. ភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន, ទាំងការដឹកនាំ, ការសម្របសម្រួល, ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា នៅក្នុងបរិការណ៍នៃការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច ទាំងក្នុង និងក្រៅប្រទេស។
៣. ភាពចាំបាច់ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ពិសសតាមរយៈការកែទម្រង់វិស័យអប់រំ និងវិស័យសុខាភិបាល; ការបង្កើនផលិតភាពសេដ្ឋកិច្ច; ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និងសមត្ថភាពជំនាញរបស់ពលករ; ការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច និងការលើកកម្ពស់ការតភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ, ទាំងរឹង និងទន់, រួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលផង, ដើម្បីឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើន ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍។
៤. ភាពចាំបាច់ក្នុងការបង្កើនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា និងក្នុងការកសាងភាពធន់ទៅនឹងការប្រែប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ច និងកត្តាបរិស្ថានធម្មជាតិ ដើម្បីពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ច និងធានាចីរភាពនៃកំណើនខ្ពស់ តាមរយៈការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទល់កំណើនសេដ្ឋកិច្ចដែលមានស្រាប់ និងវិស័យផ្សេងទៀតដែលកម្ពុជាមានសក្តានុពល ការជំរុញការវិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម; ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្ម; ការលើកកម្ពស់ការប្រកួតប្រជែងស្មើភាព និងការលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាងភាពធន់ទល់នឹងគ្រោះអាសន្ន និងវិបត្តិនានា; ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និងការទូត និងការធ្វើសមាហរណកម្មស៊ីជម្រៅ ទៅក្នុងតំបន់ និងសកលលោក សំដៅទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម ឱ្យបានជាអតិបរមាជូនប្រទេសជាតិ។
៥. ភាពចាំបាច់ក្នុងការដាក់ចេញនូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕