កូរ៉េខាងជើង ព្រមានសាជាថ្មីខ្លាំងៗអំពីលទ្ធភាពផ្ទុះសង្គ្រាមនុយក្លេអ៊ែរ
បរទេស ៖ សមយុទ្ធយោធាទ្រង់ទ្រាយធំចុងក្រោយមួយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងរដ្ឋាភិបាលទីក្រុងសេអ៊ូលដែលកំពុងប្រព្រឹត្តទៅក្នុងរយៈពេល១១ថ្ងៃកំពុងតែបង្កឲ្យកំហឹងយ៉ាងខ្លាំងដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
ថ្ងៃអង្គារម្សិលមិញនេះកូរ៉េខាងជើងបានចេញមកធ្វើការឆ្លើយតបចំពោះសកម្មភាពដែលខ្លួនបានហៅថាជាការបង្កហេតុមានរូបភាពបែបជាសង្គ្រាមពិតប្រាកដ និងជាសង្គ្រាមដើម្បីលុកលុយកូរ៉េខាងជើងតែម្តង។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងហៅកាត់ថា KCNA បានចេញផ្សាយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានថ្កោលទោស និងធ្វើការព្រមានខ្លាំងៗចំពោះចំណងទំនាក់ទំនងយោធារបស់អាមេរិក និងកូរ៉េខាងជើង ហើយអះអាងថាវានឹងអាចបង្ខំឲ្យមានការផ្ទុះជាសង្គ្រាមនុយក្លេអ៊ែរជាមិនខាន។
នៅក្នុងសេចក្តីប្រកាសនោះទីក្រុងព្យុងយ៉ាងក៏បានបញ្ជាក់ដែរថាប្រសិនបើទំរង់នៃការធ្វើសមយុទ្ធយោធាបែបនេះនឹងនៅតែបន្តកើតឡើងដដែលៗនោះច្បាស់ណាស់លទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនឹងអាចក្លាយទៅជាការពិតជៀសមិនផុតនោះឡើយ។
គួរឲ្យដឹងដែរថា ក្នុងអំឡុងពេលនៃដំណើរការសមយុទ្ធយោធានេះផងដែរប្រធានាធិបតីអាមេរិក លោក Joe Biden មិនត្រឹមតែប៉ុណ្ណោះ បានថែមទាំងរៀបចំកិច្ចប្រជុំកំពូលមួយជាមួយនឹងមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនផងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីផ្តោតសំខាន់លើការពង្រឹងវិស័យយោធាក្នុងន័យដើម្បីប្រឆាំងទៅនឹងប្រទេសកូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណាក្តី ការព្រមានរបស់កូរ៉េខាងជើងត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមើលឃើញថាវាគ្រាន់តែជាទំលាប់និងប្រតិកម្មជាធម្មតាប៉ុណ្ណោះនៅរៀងរាល់ពេលដែលអាមេរិកធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូងឬជប៉ុនខណៈដែលសម្ព័ន្ធមិត្តអាមេរិកនិងអាមេរិកផងតែងតែបានបញ្ជាក់ថាសមយុទ្ធយោធាទាំងនោះវាគ្រាន់តែសកម្មភាពយោធាដើម្បីពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា សមយុទ្ធយោធាដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទមកម្ល៉េះដោយក្នុងនោះវាមានការរៀបចំប្រតិបត្តិការយោធាដាច់ដោយឡែកសរុបចំនួន៣០លើក និងមានរយៈពេលសរុបដល់ទៅ១១ថ្ងៃ៕