រាជរដ្ឋាភិបាលថ្មីនឹងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ នៅក្នុងឆ្នាំ២០២៣ នេះ
ភ្នំពេញ ៖ ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា នឹងផ្តោតការយកចិត្តទុកដាក់លើ “កម្មវិធីគោលនយោបាយជាអាទិភាព” ទាំង ៦ នៅក្នុងឆ្នាំ២០២៣ នេះ។
ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា, បានធ្វើការប្តេជ្ញាជាឱឡារិក ជូនបងប្អូនជនរួមជាតិទូទាំងប្រទេសថា ឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឱ្យបានសម្រេចជោគជ័យនូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ នៅមុនការបោះឆ្នោត។
ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងផ្តោតការយកចិត្តទុកដាក់លើ “កម្មវិធីគោលនយោបាយជាអាទិភាព” ទាំង ៦ ដែលនឹងត្រូវបានដាក់ឱ្យចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ នេះ រួមមាន ៖
១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស;
៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន
៤). ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ;
៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ
៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕