Close

កម្ពុជាប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអេឡិចត្រូនិក ដើម្បីគ្រប់គ្រងការចូលចតនៃនាវា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជាប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអេឡិចត្រូនិក ដើម្បីគ្រប់គ្រងការចូលចតនៃនាវា កម្ពុជាប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអេឡិចត្រូនិក ដើម្បីគ្រប់គ្រងការចូលចតនៃនាវា

តាមរយៈក្រសួងសាធារណៈការ បច្ចុប្បន្ននេះ កម្ពុជាបានផ្លាស់ប្ដូរនូវរៀបគ្រប់គ្រងទិន្នន័យអំពីការចុះចតនៃនាវា​ ដោយងាកទៅប្រើប្រាស់ប្រព័ន្ធទិន្នន័យអេឡិចត្រូនិកកំពង់ផែ ដែលហៅកាត់ថា Port EDI។

ការផ្លាស់ប្ដូរនេះ ស្របទៅនឹងបរិបថនៃសង្គមបច្ចុប្បន្នដែលអ្វីៗត្រូវបានជួយសម្រួលដោយបច្ចេកវិទ្យា ម្យ៉ាងទៀត វាប្រៀបដូចជាការធ្វើទំនើបកម្មសម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

ប្រព័ន្ធ Port EDI ត្រូវបានអភិវឌ្ឍឡើងក្រោមជំនួយហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ហើយក្រសួង​សាធារណៈ​ការ និងដឹកជញ្ជូន រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនៃគណៈកម្មការធ្វើបែបបទនាវា ក៏បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យនេះឡើង ដើម្បីជាគតិយុត្ត​សម្រាប់​គ្រប់គ្រងប្រព័ន្ធ Port EDI នេះ។

ទន្ទឹមនឹងការផ្លាស់ប្ដូរនេះ ក្រសួងសាធារណៈការបានរៀបចំជាសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែសីហា ដើម្បីផ្សព្វផ្សាយ​អនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ និងលិខិតបទ​ដ្ឋានគតិយុត្តពាក់ព័ន្ធ​មួយចំនួនទៀតដែលជាយន្តការក្នុងការធ្វើបែបបទនាវាចូលចេញតាម​កំពង់ផែនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ខ្លឹមសារនៃអនុក្រឹត្យ និងការងារពាក់ព័ន្ធ​ជាមួយក្រសួងស្ថាប័ន ក្រុមហ៊ុននាវា និងក្រុមហ៊ុនភ្នាក់ងារ នាវា ដោយមានសិក្ខាកាមចូលរួមជា​តំណាងមកពី​អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ​ និងកំពង់ផែ​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងនៅក្នុងកម្មវិធីបើកនាឱកាសនោះ លោកអគ្គនាយករង បុង វុធ្ធី បានគូសបញ្ជាក់ពីភាពជោគជ័យ និងដំណើរការយ៉ាងរលូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដាក់ឱ្យដំណើរ ការសាកល្បងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ ចាប់តាំងពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធរួបរួមគ្នាធ្វើឱ្យចេញនូវប្រព័ន្ធនេះដើម្បីជួយសម្រួលដល់វិស័យឯកជនពេលនាវា ចូលចេញនៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើប្រាស់ពេលវេលាយូរក្នុងការស្នើ សុំ នាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីការយកចិត្តទុកដាក់លើការ ផ្តល់សេវាសាធារណៈ ជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿន។

ម្យ៉ាងទៀត នេះក៏ជាការត្រៀមខ្លួនមួយរបស់កម្ពុជាក្នុងការទទួលយកនាវាធំៗពីអន្តរជាតិ នៅក្រោយ​ការសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ នាឆ្នាំ ២០២៩ខាងមុខ។ ដែលក្រោយពេល សាងសង់រួច កម្ពុជានឹងមានលទ្ធភាពទទួលយកនាវាដឹកទំនិញធំៗប្រមាណជា ៩០ភាគរយ​ឯណោះ៕

អត្ថបទទាក់ទង