ម្ចាស់សិប្បកម្មមួយកន្លែង ដាក់គោលដៅកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាព ដើម្បីបង្កើនតម្លៃនៅក្នុងទីផ្សារ
ជាការពិត កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើន រីឯការនាំចេញក៏ប្រកៀកប្រកិតនឹងប្រទេសកូដេវ័រ ដែលជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំបំផុតលើពិភពលោក ខណៈដែលកម្ពុជាក៏មានបំណងក្នុងការក្លាយ ខ្លួនទៅជាប្រទេសដែលនាំចេញគ្រប់ស្វាយចន្ទីច្រើនជាងគេផងដែរ។
ស្របជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យបន្ថែមការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកសម្រាប់នាំចេញ ថ្វីត្បិតថាការនាំចេញក្នុងលក្ខណៈជាវត្ថុធាតុដើម មានតម្លៃទាប។ មិនត្រឹមតែ ជំរុញប្រជាជនក្នុងស្រុកឱ្យងាកទៅកែច្នៃគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ កម្ពុជាក៏មានការជំរុញឱ្យប្រទេស ផ្សេងៗ មកបណ្ដាក់ទុនក្នុងការបង្កើតរោងចក្រកែច្នៃក្នុងប្រទេសផងដែរ។
ក្នុងនាមជាអ្នកដាំដុះ និងជាអ្នកកែច្នៃផ្ទាល់ លោក កុសល មានមហិច្ឆតាចង់បន្ថែមតម្លៃឱ្យគ្រាប់ស្វាយ ចន្ទីកម្ពុជា តាមរយៈការប្រឹងប្រែងសម្រិតសម្រាំងយកគុណភាព។
លោក កុសល បានរៀបរាប់ថា៖ « ចន្ទីនេះទម្រាំឆ្លងកាត់ដល់ដំណាក់កាលនេះ យើងបានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលចាប់ផ្ដើមពីការដាំដុះ ថែទាំដោយយកចិត្តទុកដាក់ ហើយបន្ទាប់ពីចន្ទីចាប់ផ្ដើមប្រមូលផលចាប់ ពីឆ្នាំទី៣មក គឺថាយើងប្រមូលផល ដោយសម្រិតសម្រាំងយកស្វាយចន្ទីដែលមានគុណភាពមកស្តុកទុកក្នុងឃ្លាំង ហើយយើងយកស្វាយចន្ទីទាំងនោះទៅកែច្នៃ»។
ម្ចាស់កសិដ្ឋាន Kosal Farm រូបនេះបន្តឱ្យដឹងទៀតថា សម្រាប់លោក លោកមានការធានាអំពីគុណភាពរបស់គ្រាប់ស្វាយចន្ទីដែលចេញពីកសិដ្ឋានរបស់លោក ព្រោះគ្រាប់សង្វាក់ផលិតកម្មដែលរាប់ តាំងពីការដាំដុះ គឺលោកជាអ្នកគ្រប់គ្រងទាំងអស់។
យ៉ាងណាមិញ ម្ចាស់កសិដ្ឋានរូបនេះក៏បានរៀបរាប់ខ្លះៗអំពីដំណាក់កាលនៃការកែច្នៃគ្រាប់ស្វាយ ចន្ទី ទម្រាំចេញបានជាផលិតផលសម្រេចផងដែរ។
សង្វាក់ផលិតកម្មក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កសិដ្ឋានលោកគឺ ទី១ ចំហុយគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ឧបករណ៍ចំហុយ និងអាចដាក់គ្រាប់ស្វាយចន្ទីបានក្នុងចំណុះ ៤០ ទៅ៤៥គីឡូ ដែលប្រើពេល៤០នាទីក្នុងការចំហុយ។ បន្ទាប់មកយកគ្រាប់ស្វាយចន្ទីទៅ ហាលដើម្បីឱ្យវាត្រជាក់ ដែលជាទូទៅវាត្រូវការពេល៤ ទៅ៨ម៉ោង អាស្រ័យលើអាកាសធាតុ។
ក្រោយមក លោកមានបុគ្គលិកសម្រាប់បកសំបកស្វាយចន្ទីដើម្បីយកគ្រាប់ខាងក្នុង ហើយនៅពេល បកបានគ្រាប់ខាងក្នុងហើយ នឹងត្រូវយកគ្រាប់ស្វាយចន្ទីនោះទៅចម្អិននៅក្នុងឡសម្ងួត និងត្រូវការ ពេលពី៤ ទៅ៨ម៉ោងដូចគ្នា។
ដំណាក់កាលបន្ទាប់គឺយកគ្រាប់ស្វាយចន្ទីទាំងនោះមកសម្អាតម្ដងទៀត ដោយកោសសំបកស្ដើងៗ ដែលនៅរុំព័ទ្ធគ្រាប់ស្វាយចន្ទីនោះ។ រីឯដំណាក់កាលបន្ទាប់ទៀតគឺបែងចែកចំណាត់ថ្នាក់របស់គ្រាប់ និងវេចខ្ទប់ចូលទៅជាកញ្ចប់។
នៅរាល់ដំណាក់កាលនៃការកែច្នៃរបស់លោកគឺ សុទ្ធតែធ្វើឡើងដោយដៃ និងបានជួយប្រជាជនក្នុង សហគមន៍ឱ្យមានការងារធ្វើផងដែរ។
សម្រាប់ទីផ្សារបច្ចុប្បន្ននេះដែរ លោក កុសល បានបញ្ជាក់ឱ្យដឹងថាមានភាពល្អប្រសើរច្រើនជាងមុន ជាពិសេសគឺលោកអាចចាប់បាននូវទីផ្សារក្រៅស្រុកដូចជា ជប៉ុន ប្រទេសនៅបណ្ដាប៉ែកអ៉ឺរ៉ុប និងមួយចំនួនទៀតនៅក្នុងស្រុកផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កសិដ្ឋានរបស់លោកបើកចំហក្នុងការទទួលស្វាគមន៍អតិថិជន ដៃគូ ឬសិស្សនិស្សិតដែលកំពុងសិក្សា ឱ្យចូលធ្វើទស្សនៈកិច្ចសិក្សាដើម្បីជាការបញ្ជាក់ឱ្យឃើញពី ភាពផ្ចិតផ្ចង់ក្នុងការងារតាមដំណាក់កាលកែច្នៃរបស់លោកផងដែរ៕