Close

អ្នកកាសែតល្បីម្នាក់ព្យាករណ៍ពីវាសនារបស់មេទាហានស៊ីឈ្នួល Wagner

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អ្នកកាសែតល្បីម្នាក់ព្យាករណ៍ពីវាសនារបស់មេទាហានស៊ីឈ្នួល Wagner អ្នកកាសែតល្បីម្នាក់ព្យាករណ៍ពីវាសនារបស់មេទាហានស៊ីឈ្នួល Wagner

បរទេស ៖ ទោះបីជាបច្ចុប្បន្នលោក Yevgeny Prigozhin ដែលជាមេទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានភៀសខ្លួនយ៉ាងសុវត្ថិភាពមកដល់ប្រទេសបេឡារូសក្តី ប៉ុន្តែគេជឿជាក់ថាបុរសដែលធ្លាប់មានផែនការធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីរុស្ស៊ីរូបនេះនឹងមិនរស់នៅបានសុខនោះទេ។

អ្នកកាសែតដ៏ល្បីល្បាញជនជាតិប៊ុលហ្គារីលោក Christo Grozev ដែលជាអ្នកកាសែតជំនាញខាងស៊ើបអង្កេតកិច្ចការងារនយោបាយអន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ីនោះបានធ្វើការព្យាករណ៍ថា វាសនារបស់លោក Prigozhin ថា នឹងមិនអាចមានជីវិតរស់នៅពីការតាមសម្លាប់ដោយក្រុមឃាតកររបស់លោក Putin ឡើយ។

ទោះបីជាយ៉ាងណាក្តី លោ Grozev ក៏បានទាយទុកដែរថាប្រសិនបើក្នុងរយៈពេល៦ខែទៀតបុរសរូបនេះនឹងមិនអាចត្រូវបានគេសម្លាប់បានសម្រេចនោះទេ ប្រាកដណាស់គាត់ Prigozhin នឹងចាប់ផ្តើមរៀបចំបង្កើតជាក្រុមទាហានស៊ីឈ្នួល ឬក្រុមប្រដាប់អាវុធថ្មីមួយទៀតជាមិនខាននៅក្នុងប្រទេសបេឡារូស។

លោកបានធ្វើការលើកឡើងពីមូលហេតុសំខាន់ៗមួយចំនួនដែលនឹងនាំឲ្យមានការតាមសម្លាប់លោក Prigozhin ដែលក្នុងនោះសំខាន់ជាងគេគឺជាចំនួននៃការធ្វើទំនាក់ទំនងគ្នាជាមួយនឹងមន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៊ីបានបន្តកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះចំពោះបញ្ហារបស់លោក Prigozhin។

ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ លោក Grozev បានហៅចំៗឈ្មោះរបស់លោក Prigozhin ដោយបានពោលបែបនេះថា៖ គ្រប់គ្នាបានដឹងហើយថា រុស្ស៊ីនឹងធ្វើយ៉ាងណាចំពោះជនក្បត់ជាតិ ហើយមកដល់ពេលនេះ លោក Putin មិនទាន់បានចាប់ផ្តើមធ្វើការងារនេះនៅឡើយហើយប្រាកដណាស់លោក Putin ចង់មើលឃើញលោក Prigozhin ស្លាប់ ឬបើមិនដូច្នេះទេ រុស្ស៊ីនឹងអាចប្រឈមមុខទៅនឹងរដ្ឋប្រហារជាលើកទី២។

រំលឹកដែរថា កាលពីប៉ុន្មានខែមុន លោក Prigozhin បានដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner ដើម្បីធ្វើរដ្ឋប្រហារក្នុងគោលបំណងទំលាក់មេដឹកនាំលោករុស្ស៊ីលោក Putin ប៉ុន្តែផែនការនេះបានត្រឹមរំសាយទៅវិញដោយមានការចូលរួមបញ្ចុះបញ្ចូលពីសំណាក់ប្រធានាធិបតីបេឡារូសដោយអនុញ្ញាតឲ្យលោក Prigozhin និងក្រុមរបស់លោកទំលាក់អាវុធ ហើយភៀសខ្លួនទៅបេឡារូសដោយមិនមានការចាប់ខ្លួនអ្វីឡើយ៕

អត្ថបទទាក់ទង