Close

ដំណាំទំពាំងបារាំង មានទីផ្សារល្អ ផ្ដល់ផលប្រយោជន៍ចំពោះសុខភាព

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ សង្គម
ដំណាំទំពាំងបារាំង មានទីផ្សារល្អ ផ្ដល់ផលប្រយោជន៍ចំពោះសុខភាព ដំណាំទំពាំងបារាំង មានទីផ្សារល្អ ផ្ដល់ផលប្រយោជន៍ចំពោះសុខភាព

ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផល​ក្រោយ​ពីដាំដុះបាន ៥-៦ខែ ហើយអាចបន្តប្រមូលផលបានយូរឆ្នាំ។

ដំណាំទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។ រីឯដីដែលល្អសម្រាប់ការដាំដុះ គឺជាដីដែលមិនជាំទឹក ហើយដំណាំ​ប្រភេទនេះ​មិនត្រូវការសារធាតុ​ចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ។

ទំពាំងបារាំងក៏ជាប្រភេទដំណាំដែលធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែក៏ទាមទារការថែទាំ​យកចិត្ត​ទុកដាក់ខ្ពស់ ដោយត្រូវការប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ និងមិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេ។

លោកស្រី លឹម សុភាព កសិករដែលដាំដុះទំពាំងបារាំងនៅក្នុងខេត្តប៉ៃលិន បានចែករំលែកពីបទ​ពិសោធន៍ក្នុងការដាំដុះរបស់ខ្លួនដោយថា ការដាំដុះលក្ខណៈអាជីវកម្ម នឹងត្រូវការផ្ទៃដីដាំដុះធំ​ជាងដំណាំបន្លែទូទៅ ព្រោះក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុន​ច្រើនសម្រាប់ការដាំដុះដំបូង។

​កសិកររូបនេះបានឱ្យដឹងទៀតថា៖ «ការ​ចំណាយការដាំដុះទំពាំងបារាំង​លើផ្ទៃដី ២ ៤០០ម៉ែតក្រឡា ត្រូវការដើមទុនប្រហែល ៩ លានរៀល សម្រាប់ការចំណាយ​លើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម»។

យ៉ាងណាមិញ អ្នកស្រីបានបញ្ជាក់បន្ថែមថា ទីផ្សារទំពាំងបារាំងកាលពីប៉ុន្មានឆ្នាំមុនមានភាពលំបាកក្នុងការលក់ ថ្វីត្បិតថា​គេមិនទាន់ស្គាល់ ប៉ុន្តែសម្រាប់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួល​លក់ និងមានតម្លៃថ្លៃ ដោយទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១,០០០ទៅ ១៣,០០០រៀល អាស្រ័យទៅតាមរដូវកាល។

សម្រាប់ទីផ្សារវិញ គឺភាគច្រើនអ្នកស្រី ​លក់ទៅកាន់ទីផ្សារក្នុងស្រុក និងមួយផ្នែកផ្គត់ចូលទីផ្សារក្នុងរាជធានីភ្នំពេញ​ តាមរយៈការប្រមូលទិញពីសំណាក់ផ្សារទំនើបនានា។

គួរបញ្ចាក់ថា ដំណាំទំពាំងបារាំងមានអត្ថប្រយោជន៍ច្រើនសម្រាប់ជួយដល់សុខភាពមនុស្សដូចជា៖ ជួយលាងសម្អាត ជាតិពុលក្នុងសសៃឈាម ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ជួយប្រឆាំង​នឹងជំងឺមហារីក និងជួយសម្រួលដល់ការបន្ទោបង់ជាដើម៕

អត្ថបទទាក់ទង