Close

ក្រសួងកសិកម្មអះអាងពីការអនុវត្តច្បាប់រួចរាល់ ទៅលើករណីនាំចូល និងចែកចាយ​ប្រភេទ​ត្រីស៊ីសាច់ជាអាហារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មអះអាងពីការអនុវត្តច្បាប់រួចរាល់ ទៅលើករណីនាំចូល និងចែកចាយ​ប្រភេទ​ត្រីស៊ីសាច់ជាអាហារ ក្រសួងកសិកម្មអះអាងពីការអនុវត្តច្បាប់រួចរាល់ ទៅលើករណីនាំចូល និងចែកចាយ​ប្រភេទ​ត្រីស៊ីសាច់ជាអាហារ

ឆ្លើយតបទៅនឹងការផុសផុលពីបណ្ដាអ្នកលេងបណ្ដាញសង្គម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី១៣ ខែសីហា ថ្មីៗនេះបានចេញនូសេចក្ដីប្រកាសព័ត៌ មានមួយស្ដីអំពីការ​អនុវត្តច្បាប់ទៅលើការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមាន​លក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងកសិកម្មបានអះអាងថាខ្លួនបានចុះអនុវត្តច្បាប់រួចរាល់ចំពោះទីតាំងដែលមានលក់ត្រីប្រភេទនេះ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្ល៉េះ។
ជាលទ្ធផល ម្ចាស់អាជីវកម្មក៏បានធ្វើកិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលតីពីវ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ផងដែរ។

ក្នុងករណីនេះដែរ ក្រសួងកសិកម្មបានអំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ ដោយមិនត្រូវ​នាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់​ប្រភេទត្រី​ធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។

ម្យ៉ាងទៀត សម្រាប់ប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ៉ា ឬប្រភេទត្រីកាច​សាហាវផ្សេងទៀតក្នុងគោលបំណងយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ ក្រសួងលើកទឹកចិត្តឱ្យមានការ​រាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។

ក្រសួកសិកម្មក៏បានសង្កត់ធ្ងន់ថា៖ «ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែង​ចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត»។

សម្រាប់ការទំនាក់ទំនងមកកាន់សមត្ថកិច្ចជំនាញជលផល ប្រជាពលរដ្ឋអាចទាក់ទង និងរាយការណ៍តាមរយៈលេខទូរស័ព្ទ៖ ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩។

គួរបញ្ជាក់ថា ត្រីប្រភេទ Piranhas គឺជាត្រីទឹកសាប ដែលជាប្រភេទត្រីត្រូពិចដែល​ស្ថិតក្នុងអម្បូររបស់ គ្រួសារ Characidae និងដែលត្រូវបានគេចាត់ទុកថាជាថ្មីដ៏កាចសាហាវមួយប្រភេទ។ piranhas ខ្លះ ស៊ីថនិកសត្វតូចៗដូចជា សត្វល្អិត ត្រី ក្តាម ពពួក Worm Carrion គ្រាប់ពូជ និងសម្ភារៈរុក្ខជាតិ​ផ្សេងទៀត។ ប៉ុន្តែយ៉ាងណា ត្រីប្រភេទនេះអាចបរិភោគបាន ដោយជាទូទៅវាត្រូវបានជនជាតិដើមភាគតិច​ដែលរស់នៅក្នុងតំបន់ Amazon យកទៅចម្អិនហូប៕

អត្ថបទទាក់ទង