Close

សិស្សានុសិស្ស ៣២០នាក់នៅខេត្តមណ្ឌលគិរី មានជនជាតិភាគតិចជិត៧០% ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថល

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សិស្សានុសិស្ស ៣២០នាក់នៅខេត្តមណ្ឌលគិរី មានជនជាតិភាគតិចជិត៧០% ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថល សិស្សានុសិស្ស ៣២០នាក់នៅខេត្តមណ្ឌលគិរី មានជនជាតិភាគតិចជិត៧០% ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មឌីជីថល

មណ្ឌលគិរី៖ នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន TikTok និង The Young Seakers Cambodia រៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីអក្ខរកម្មឌីជីថល រយៈពេល៣ថ្ងៃ តាមបែបចម្រុះ ចាប់ពីថ្ងៃទី១០-១២ ខែសីហា ឆ្នាំ២០២៣ ជូនដល់ សិស្សានុសិស្សមកពីតាមបណ្តាគ្រឹះស្ថានសិក្សាគោលដៅនានាក្នុងខេត្តមណ្ឌលគិរី ចូលរួមសរុប ៣២០នាក់ ក្នុងនោះជនជាតិភាគតិចមានចំនួនជិត៧០%។

ឯកឧត្តម ចឹក លីម អគ្គលេខាធិការរង និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣  ឱ្យដឹងថា សិក្ខាសាលានេះ បានធ្វើការបែងចែកជាពីរទម្រង់ គឺទម្រង់វីដេអូអនឡាញ និងទម្រង់ជួបជុំផ្ទាល់ ក្នុងគោលបំណងដើម្បីរួមចំណែកចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកឌីជីថលសំខាន់ៗមួយចំនួនជូនដល់សិស្សានុសិស្ស។

បើតមា ឯកឧត្តម ចឹក លីម  ការពារហានិភ័យពីការប្រើប្រាស់ប្រព័ន្ធអនឡាញ ដូចជា ការឆបោក ការបំពានកេរ្តិ៍ខ្មាស ការគំរាមកំហែង និងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅតាមបណ្តាញសង្គមនានា, ការបង្កើត ការដាក់ពាក្យសម្ងាត់រឹងមាំ និងការប្រើប្រាស់ទំព័រហ្វេសបុក និងបណ្តាញសង្គមនានា, បង្ហាញពីបច្ចេកទេសងាយៗដោយប្រើធនធានដែលមានស្រាប់ដូចជា ទូរសព្ទ ស្មាតហ្វូន កុំព្យូទ័រ និង កុំព្យូទ័រ បន្ទះ ដើម្បីបង្កើតជាវីដេអូអប់រំខ្លីៗ និង កម្មវិធីបច្ចេកវិទ្យាផ្សេងៗ, ការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត និងរបៀបនៃការប្រើប្រាស់កម្មវិធី Google (Google Meet, Google Drive, Google Docs, Google Sheets, and Google Slides), Telegram, Canva, Facebook, និង TikTok ជាដើម ក្នុងការសិក្សាស្រាវជ្រាវ និងប្រកបកិច្ចការផ្សេងៗប្រចាំថ្ងៃ និង បញ្ជ្រាបខ្លឹមសារអំពីភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ លើកទឹកចិត្តឱ្យយុវជនបង្កើតព័ត៌មានល្អៗ និងមានប្រយោជន៍ដល់សង្គមជាតិ ហើយដាក់បញ្ចូលទៅក្នុងប្រព័ន្ធបណ្តាញសង្គមសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទៅ។ល។

ឯកឧត្តមបន្ថែមថា  ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះ សិស្សានុសិស្ស អាចមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយប្រសិទ្ធភាព និងភាពជាពលរដ្ឋសាកលប្រកបដោយការទទួលខុសត្រូវ ជាពិសេសអាចអភិវឌ្ឍសមត្ថភាពចំណេះដឹងខ្លួនឯង ជួយដល់ការសិក្សា និងការស្វែងយល់ពីហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ រួមទាំងការចេះការពារខ្លួនឱ្យចៀសផុតពីការឆបោក ការបៀតបៀនកេរ្តិ៍ខ្មាស និងការគំរាមកំហែងពីប្រព័ន្ធអនឡាញ ជាដើម។

ឯកឧត្តម  ចឹក លឹម សង្កត់ធ្ងន់ថា កម្មវិធីអក្ខរកម្មឌីជីថល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ដើម្បីរួមចំណែកផ្ដល់ចំណេះដឹងឌីជីថលដល់យុវជន ជាពិសេស ក្នុងការប្រើប្រាស់កម្មវិធីឌីជីថលឲ្យមានប្រសិទ្ធភាព ភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ និងស្វែងយល់អំពីហានិភ័យផ្សេងៗដែលអាចកើតឡើង ក្នុងការប្រើប្រាស់កម្មវិធីឌីជីថលទាំងនោះ ដូចជាការឆបោក ព័ត៌មានក្លែងក្លាយ និងព័ត៌មានឯកជនភាពជាដើម។

ឯកឧត្តម បន្ថែមថា ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនស្មាត កម្មវិធីនេះ ទទួលបានអ្នកជំនាញល្អៗ មកពីក្រុមហ៊ុន google និងtik tok និងមកពីក្រសួងប្រៃសណីយ៍ និងទូគមនាគមផ្ទាល់ ដើម្បីបណ្ដុះបណ្ដាលដល់គ្រូឧទ្ទេស ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីទទួលបន្ទុកយុវជន ក៏ដូចជាគ្រូស្ម័គ្រចិត្តបង្កោល។ ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ កម្មវិធីអក្ខរកម្មឌីជីថល បានធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនចាស់ដូចជា ការស្វែងរកនិងវាយតម្លៃព័ត៌មានលើបណ្ដាញអ៊ីនធឺណិត និងការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ google app ការប្រើប្រាស់ facebook app telegram canva និងវិធីសាស្ត្រថតរូប ថតវីឌីអូរ សរសេរសាច់រឿង និងបង្កើតវីឌីអូរតាមរយៈទូរស័ព្ទដៃ និងបន្ថែមមេរៀនថ្មី ដូចជាភាពជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវ ព័ត៌មានបុគ្គល ស្វែងយល់អំពីទំនាក់ទំនងអនឡាញជាដើម។

ជុំវិញ្ហាបញ្ហានេះដែរ កញ្ញា តៅ សុជាតា អ្នកទទួលបន្ទុកជាន់ខ្ពស់ផ្នែកការងារ រួមចំណែកសកម្មភាពសង្គម និងនិរន្តភាព នៃក្រុមហ៊ុន Smart Axiata បានឲ្យថា ក្រុមហ៊ុន Smart Axiata បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ក្នុងចូលរួមរៀបចំនូវកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលនៅតាមសាលារៀន និងបានពង្រីកវិសាលភាពរបស់កម្មវិធីនេះ កាន់តែធំជាងមុន ទៅកាន់ខេត្តជាច្រើន ដល់យុវជនចំនួនប្រមាណ១២៨០នាក់ និងយុវជនស្ម័គ្រចិត្តដែលជាគ្រូបង្គោលចំនួន៤២នាក់។

កញ្ញា តៅ សុជាតា បានបញ្ជាក់ថា ការរួមចំណែកក្នុងការបំពេញនូវចន្លោះដែលមាននៅក្នុងប្រព័ន្ធឌីជីថល គឺជាគុណតម្លៃស្នូលនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងជំរុញលើកកម្ពស់បរិយាប័ណ្ណសង្គម និងសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយមិនទុកនរណាម្នាក់ចោលឡើយ។

អត្ថបទទាក់ទង