Close

ក្រសួងសាធារណៈការ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតែបន្តធ្វើក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងសាធារណៈការ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតែបន្តធ្វើក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រសួងសាធារណៈការ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតែបន្តធ្វើក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី

ភ្នំពេញ : ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តថ្មី ត្រូវបានគេរំពឹងថានឹងកាន់តែមានភាពល្អប្រសើរជាងមុន ដោយសារតែថ្នាក់ដឹកនាំសុទ្ធសឹងតែជាមនុស្សពេញកម្លាំង ព្រមទាំងមានចំណេះដឹងជ្រៅជ្រះក្នុងការបន្តវេនដឹកនាំប្រទេស។

ដោយឡែក សម្រាប់វិស័យដឹកជញ្ជូនដែលបានដាក់ចេញនូវគម្រោងធំៗជាច្រើនកាលពីពេលកន្លង​ទៅ ក៏នឹងត្រូវបន្តធ្វើបើទោះជាស្ថិតក្រោមថ្នាក់ដឹកនាំអាណត្តថ្មីក៏ដោយ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការបានអះអាងក្នុងឱកាស​ពិនិត្យ​ស្ថានភាព​ផ្លូវ​វាង​កំណាត់​ផ្លូវជាតិ​លេខ ​៧៦ កាលពីពេលថ្មីៗនេះថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេ​ជោ និង​ផ្លូវ​ល្បឿន​​លឿន ​ភ្នំពេញ​-​សៀមរាប​ ផ្លូវល្បឿនលឿន​សៀមរាប​-​ប៉ោយប៉ែត​ នឹងនៅតែ​បន្ត​សម្រាប់​រាជរដ្ឋាភិ​បាល​អាណត្តិ​ថ្មី ព្រោះ​គម្រោង​ដ៏​មាន​សារៈសំខាន់​នេះ​បម្រើឱ្យ​ផលប្រយោជន៍​ជាតិ​ទាំងមូល​មិន​បម្រើឱ្យ​បុគ្គល​នោះទេ​។​

ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តគូសបញ្ជាក់ទៀតថា គម្រោង​ទាំងនេះ​នៅតែ​ដំណើរការ​ទៅមុខ​ដដែល ទោះបីជា​មានការ​ផ្លាស់ប្តូ​រ​រាជ​រដ្ឋាភិបាល​ថ្មី​ក៏ដោយ ហើយ​គម្រោង​នេះ​ក៏បាន​អនុម័ត​រួច​រាល់​ផងដែរ ដោយ​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​ ៦ កាលពី​ឧសភា ឆ្នាំ​ ២០២៣ ​កន្លងមក​។​

​​ម្យ៉ាងទៀត គម្រោង​ទាំងនេះ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេសជាតិទាំងមូល ដូច្នេះឯកឧត្តម ​ជឿជាក់ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នឹង​ជំរុញ​ការងារ​នេះ​ឱ្យបាន​ទៅមុខទៀត។ មិនត្រឹមតែ​ប៉ុណ្ណោះ​ គម្រោង​ធំៗ​ផ្សេងទៀត​ក៏នឹង​នៅតែ​ដំណើរការ​ទៅមុខទៀត ដោយ​សារ​វា​មិនមែនជា​គម្រោង​បុគ្គល តែ​ជា​គម្រោង​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។

​គួរបញ្ជាក់ថា គម្រោងសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​ និងសៀមរាប​-​ប៉ោយប៉ែត​ ដែលមាន​ប្រវែង ៤០០ ​គីឡូម៉ែត្រវិញ បាន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​ជាមួយ​ក្រុមហ៊ុន​សាងសង់​កាលពី​ខែមិថុនា​កន្លងទៅ ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ​៤ ​ពាន់​លាន​ដុល្លារ​។

រីឯគម្រោងព្រែកជីកហ្វូណនវិញ ក៏ត្រូវបានរាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈ​កម្ម​ការ​អន្តរក្រសួង​ កាលពី​ថ្ងៃទី​ ៧ ខែមិថុនា ឆ្នាំ​ ២០២៣ ក្នុងការ​ពិនិត្យ​ ​ផ្តល់យោបល់​អំពី​នីតិវិធី​ក្របខ័ណ្ឌ​គតិយុត្ត និង​វាយតម្លៃ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវ​សមុទ្រ​របស់​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ៕

អត្ថបទទាក់ទង