រាជរដ្ឋាភិបាល សម្រេចកែប្រែតំបន់ការពារទេសភាពអង្គរពីផ្ទៃដីទំហំ១០ ៨០០ ហិកតា មកផ្ទៃដី ទំហំ១៣ ៧៤១ ហិកតា
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចកែប្រែតំបន់ការពារទេសភាពអង្គរពីផ្ទៃដីទំហំ១០,៨០០ ហិកតា មកផ្ទៃដី ទំហំ១៣,៧៤១ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងគោលបំណងដើម្បី បង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ ។
តាមរយៈអនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១៧ ខែកក្កដា ២០២៣ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែសីហា បានឱ្យដឹងថា ផ្ទៃដីតំបន់ការពារទេសភាពអង្គរខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១០,៨០០ហិកតា ដូចមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតតំបន់ការពារ ធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ ២,៩៤១ ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
អនុក្រឹត្យនេះបង្កើតឡើងមានគោលបំណង ធានាការថែរក្សានិងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ, ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែក ដល់ការ គ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់,ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាននិងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិ គ្រប់ជំនាន់។
បើតាមអនុក្រឹត្យនេះ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ការពារទេសភាពអង្គរ ដោយសហការ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើត តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ៕