Close

រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចុងសប្ដាហ៍នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចុងសប្ដាហ៍នេះ

រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៣ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្ដម វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួបសម្ដែងការគួរសមដាច់ដោយឡែកចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ច ពិភាក្សានឹងផ្ដោតលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងអំពីវិស័យអាទិភាពរួម។

បន្ថែមពីនេះ ឯកឧត្តម វ៉ាង យី នឹងមានជំនួបដាច់ដោយឡែកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជំនួបនឹងគ្របដណ្ដប់លើទិដ្ឋភាពចម្រុះនៃកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីដែលជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនាពេលខាងមុខនេះប្រព្រឹត្តទៅ ស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ច នេះនឹងរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង វេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

អត្ថបទទាក់ទង