Close

សម្តេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាត និងសមិទ្ធផលនានានៅខេត្តព្រៃវែង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាត និងសមិទ្ធផលនានានៅខេត្តព្រៃវែង សម្តេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាត និងសមិទ្ធផលនានានៅខេត្តព្រៃវែង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយទឹកស្អាតឃុំក្របៅ ឃុំជាច ផ្លូវចាក់បេតុងឃុំក្របៅ និងសមិទ្ធផលនានាក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

លោក ប៊ិន ជីវ័ន អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បានឱ្យដឹងថាសមិទ្ធផលសម្ពោធនាថ្ងៃនេះ រួមមានស្ថានីយ៍ទឹកស្អាតចំនួន២កន្លែង ក្នុងនោះស្ថានីយ៍ទឹកស្អាតឃុំក្របៅ សាងសង់អស់ថវិកាចំនួន១លាន៣សែនដុល្លារ និងស្ថានីយ៍ទឹកស្អាតឃុំជាច ចំណាយថវិកាជាង៧៦សែនដុល្លារអាមេរិក។ សមិទ្ធផលទាំងពីរនេះ សរុបថវិកាចំណាយជាង២លាន១សែនដុល្លារអាមេរិក ដែលជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉េម សាខន សខេង។

លោកអភិបាលបានបន្តថាក្រៅពីនេះ មានសមិទ្ធផលផ្សេងៗទៀត ដូចជា ផ្លូវបេតុងចំនួន១៣ខ្សែ ប្រវែងជាង១៥គីឡូម៉ែត្រក្នុងឃុំក្របៅ អគារសិក្សាចំនួន៣កន្លែង រួមមានអគារសិក្សាបឋមសិក្សាទួលសង្កែ ចំនួន២ខ្នង ១២បន្ទប់, អគារសិក្សាសាលាបឋមសក្សាព្រៃភ្លង ចំនួន១ខ្នង៦បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, អគារសាលាបឋមសិក្សាអញ្ចាញ២ខ្នង ៣បន្ទប់ ឧបត្ថម្ភដោយឯកឧត្តម ស៊ីម កា និងលោកជំទាវ, មត្តេយ្យសិក្សាក្របៅចៅ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភថវិកាដោយឯកឧត្តម ស សុខា និងលោកជំទាវ និងមិត្តេយ្យសិក្សាមហាឧបាសិកា ស ស៊ន់ ចំនួន១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក២ ឧបត្ថម្ភដោយឯកឧត្តម ស្ដើង សុខុម និងលោកជំទាវ។

លោក ប៊ិន ជីវ័ន បានបន្ថែមថា ក្រៅពីនេះ ក៏មានសមិទ្ធផលមួយចំនួនទៀតដែរដែលសម្ពោធរួមគ្នានាថ្ងៃនេះ រួមមានរបងសាលាអនុវិទ្យាល័យសម្ដេចឪប្រវែង១៦៨ម៉ែត្រ, របងសាលាបឋមសិក្សាក្របៅចាស់ប្រវែង៥០២ម៉ែត្រ, របងវត្តក្របៅចាស់ប្រវែង៤០០ម៉ែត្រ, របងវត្តព្រៃស្មូនប្រវែង៩៦៧ម៉ែត្រ និងសាលាបុណ្យ២កន្លែងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម និងលោកជំទាវ, របងក្លោងទ្វាវត្តអញ្ចាញប្រវែង៦២៤ម៉ែត្រក្រោមការឧបត្ថម្ភពីឯកឧត្តម ស៊ីម កា និងលោកជំទាវ។

អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមការងារស្រុក ក្រុង ឃុំ សង្កាត់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយបរិយាកាស សុខដុមរមនា និងពោរពេញដោយសាមគ្គីភាព។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធនាពេលនេះគឺជាចំណងដៃថ្មីមួយទៀតសម្រាប់ អ្នកស្រុកកំចាយមារ ហើយបានចំណាយអស់ថវិកាជាច្រើនដែលបានមកពីការ ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រុម ការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។

សម្ដេចបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ជូនចំពោះឯកឧត្តម លោកជំទាវ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹកស្អាត និងវិស័យផ្សេងៗ ជាច្រើនទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជារក្សាបានយ៉ាងល្អប្រសើរនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ ជំរុញដំណើការអភិវឌ្ឍសង្គម សេដ្ឋ កិច្ច និងសម្រេចបានសមិទ្ធផលថ្មីៗ ប្រកបដោយមោទនភាព បើទោះបីជាយើងត្រូវជួប ប្រទះបញ្ហាប្រឈមជាច្រើន ជាពិសេសការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងការវិវត្តដ៏ ស្មុគស្មាញនៃសភាពការណ៍នយោបាយ សេដ្ឋកិច្ចអន្តរជាតិ ដែលពិបាកប៉ាន់ស្មានក្ដី។

សម្ដេចបន្តថាព្រមជាមួយគ្នានេះ កិត្តិយស កិត្យានុភាព សេចក្ដីថ្លៃថ្នូររបស់ជាតិយើងនៅលើ ឆាកអន្តរជាតិ កាន់តែបានលើកកម្ពស់ នៅពេលដែលកម្ពុជាបានអនុវត្តតួនាទីជាប្រធាន ដឹកនាំសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ កិច្ចប្រជុំពាក់ព័ន្ធនានា ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA GAME) និងអា ស៊ានប៉ារ៉ាហ្គេម លើកទី១២(ASEAN PARA GAME) ជាមួយលទ្ធផលល្អប្រសើរ និង ជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងទទួលបាននូវការកោតសរសើរពីបណ្តាភ្ញៀវអន្តរជាតិ ក៏ដូចជាការគាំទ្រ និងអបអរសាទរពីប្រជាជនខ្មែរនៅទូទាំងប្រទេស។

សម្ដេចបានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះកម្ពុជាក៏ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយ ទៀតគឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រើប្រាស់សិទ្ធិសម្ដែង នូវឆន្ទៈក្នុងនាមជាប្រជាពលរដ្ឋល្អចូលរួមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នៃរដ្ឋសភា បានរហូតដល់៨៤,៥៨% ធៀបទៅនឹងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩.៧១០.៦៥៥នាក់។

សម្ដេចបន្ថែមថា ជោគជ័យដ៏ត្រចះត្រចង់នេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង របស់អាជ្ញារធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញ ការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅ ដោយរលូនស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានភាពភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា៕

អត្ថបទទាក់ទង