ក្រុមហ៊ុនចិនគ្រោងវិនិយោគលើវិស័យកសិ-ឧស្សាហកម្មបែបឆ្លាតវៃនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន Danong Development Group របស់ចិនគ្រោងវិនិយោគខ្នាតធំវៃឆ្លាត (Smart Agriculture) លើវិស័យកសិ-ឧស្សាហកម្មជាគម្រូនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជារួច ហើយនឹងនាំចេញទៅប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ប្រតិភូពាណិជ្ជករចិនមកពីក្រុមហ៊ុន Danong Development Group កាលថ្ងៃទី ៨ សីហា បានចូលជួបសម្តែងការគួរសម និងពិភាក្សាកាងារលើគម្រោងវិនិយោគវិស័យកសិកម្មនៅទីស្តីការក្រសួងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងមន្រ្តីកសិកម្មជាច្រើនរូបចូលរួមផងដែរ ហើយក៏មានការចូលរួមពីសំណាក់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការផងដែរ។
ឯកឧត្តម ដួង តារា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលោកប្រធានក្រុមហ៊ុន Zhao Shujie បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគម្រោង វិនិយោគខ្នាតធំវៃឆ្លាត (Smart Agriculture) លើវិស័យកសិ-ឧស្សាហកម្មជាគម្រូនៅកម្ពុជា ដែលផ្តោតលើការបង្កើតកសិដ្ឋានបង្កាត់ពូជសត្វនិងដំណាំ, កសិដ្ឋានដាំស្មៅសម្រាប់ចំណីសត្វ, កសិដ្ឋានចិញ្ចឹមសត្វយកសាច់ និងកសិដ្ឋានដាំដំឡូងមី។ រាល់នូវកសិផលអំពីការវិនិយោគនេះ ក្រោយពីផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជារួចហើយគឺសម្រាប់នាំចេញទៅប្រទេសចិន។
ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់ពាណិជ្ជករចិនត្រូវសិក្សាអំពីសក្តានុពលនៃវិស័យកសិ-ឧស្សាហកម្មកម្ពុជា ខ្សែសង្វាក់នៃការផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃឱ្យបានច្បាស់លាស់ ដើម្បីជំរុញទីផ្សារ តម្រង់ទិសការវិនិយោគឱ្យត្រូវចំទិសដៅ មានប្រសិទ្ធភាព និងនិរន្តភាព។
លើសពីនេះឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុន Danong Development Group ដែលមានបំណងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយបានសង្កត់បន្ថែមថា ក្រុមហ៊ុនចាំបាច់ត្រូវសិក្សានិងប្រមូលទិន្នន័យព័ត៍មានអោយបានច្បាស់លាស់ជាមុនក្នុងការរៀបចំគម្រោងវិនិយោគហើយត្រូវពិនិត្យសិក្សាផងដែរអំពីគោលនយោបាយនិងច្បាប់បទដ្ឋាននានារបស់រដ្ឋាភិបាលដែលបានកំណត់ច្បាស់ក្នុងការអភិវឌ្ឍន៍លើវិស័យនេះ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់មន្រ្តីជំនាញក្រសួងមួយរូប ដើម្បីជួយក្រុមហ៊ុនក្នុងការផ្តល់ប្រឹក្សាផ្លាស់ប្តូរយោបល់លើផែនការវិនិយោគអោយបានច្បាស់លាស់។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាប្រសិនបើក្រុមហ៊ុនមានលទ្ធភាពទាំងហិរញ្ញវត្ថុនិង បច្ចេកទេសអាចវិនិយោគដោយខ្លួនឯងបាននោះគឺកាន់តែប្រសើរហើយ គឺក្រសួងមិនប៉ះពាល់អ្វីដែល ជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។ប៉ុន្តែរងចាំជួយក្រុមហ៊ុនប្រសិនបើមាន ការបារម្ភឬការ លំបាកណាមួយក្នុងការនាំចេញនូវផលិតផលកសិកម្មកម្ពុជាទៅកាន់ប្រទេសចិន។
លោកប្រធាន ក្រុមហ៊ុន Zhao Shujie បានអរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះពេលវេលានិងការយកចិត្ត ទុកដាក់ផ្តល់ឱកាសអោយក្រុមហ៊ុនបានជួបសម្តែងការគួរសម សុំយោបល់ និងពិភាក្សាការងារវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា។ តាមកម្មវិធីរបស់ក្រុមហ៊ុនគឺនឹងចុះសិក្សា ពិនិត្យសិក្សាស្ថានភាពដីនិង ពិភាក្សាជាមួយអាជ្ញាធរដោយផ្ទាល់នៅតាមបណ្តាខេត្តមួយចំនួនដែលមានសក្តានុពលលើការវិនិយោគវិស័យកសិ-ឧស្សាហកម្ម៕