មន្ទីររៀបចំដែនដីខេត្តព្រះសីហនុផ្ដើមចែកប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅឃុំអូរឧកញ៉ាហេង
ព្រះសីហនុ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានប្រកាសពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣តទៅ។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី២៣ ខែមករា កន្លងទៅនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបានអំពាវនាវដល់ម្ចាស់ក្បាលដីស្ថិតណៅក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះមកប្រគល់ឲ្យរដ្ឋបាលសុរិយោដី ដើម្បីប្តូរយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជំនួសវិញ ដែលត្រូវប្រគល់ជូនដោយមន្ត្រីសុរិយោដី សម្រាប់ភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាឃុំអូរឧកញ៉ាហេង កុំបីអាកខាន។
សេចក្តីជូនដំណឹងនេះបន្តថា ចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយ រដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះតទៅ។ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំដាក់ធានា និងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យ ខាងលើ សូមយកប័ណ្ណទាំងនោះមកជូនរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់លោកអ្នក។
សូមបញ្ជាក់ថា ការចែវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងដោយ យោងតាមអនុក្រិត្យលេខ ៤៦ អនក្រ. បក ចុះថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោល បញ្ជីដីធ្លី និងអនុក្រឹត្យលេខ១២២ អនក្រ.បក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ស្តីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ)៕