ពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីនៅកម្ពុជា ជាការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ភ្នំពេញ : ក្រៅពីទំនាក់ទំនងការទូតរវាងប្រទេស និងប្រទេស កម្ពុជា-ឥណ្ឌូនេស៊ី ក៏ជាដៃគូអភិវឌ្ឍន៍រូមគ៧ផងដែរ ជាក់ស្តែងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រទេសទាំង២បានបើកពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូនេស៊ីលើកទី១៤ (The 14th Indonesian Trade and Tourism Promotion ) នៅមជ្ឍមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។
ពិធីបើកពិព័រណ៍ពាណិជ្ជកម្មនេះផងដែរ ធ្វើឡើងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ អគ្គរដ្ឋទូតនៃសាធារណៈ រដ្ឋឥណ្ឌូនេស៊ី អគ្គរដ្ឋទូតសហភាពមីយ៉ាន់ម៉ា អគ្គរដ្ឋទូតថៃឡង់ អគ្គរដ្ឋទូតទីម័រលេស តំណាង ស្ថានទូតនានា និងផ្នែកឯកជនពាក់ព័ន្ធជាច្រើនរូបទៀត។
ដោយឡែក ពិព័រណ៍នេះបានផ្តោតសំខាន់ទៅលើការពង្រឹងទំនាក់ទំនងជាមួយគ្នារវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា ដោយមានស្តង់ពិព័រណ៍សរុបចំនួន៦០ស្តង់ ដើម្បីដាក់បង្ហាញទៅកាន់សាធារណៈជនដូចជា ការផ្សព្វផ្សាយកម្មវិធី និងគោលដៅទេសចរណ៍ ម្ហូបអាហារ ការអប់រំ តន្ត្រី និងផលិតផលផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៣គឺជាខួបលើកទី៦៤ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ហើយឆ្លៀតក្នុងឱកាសនេះដែរ ប្រតិភូនៃក្រសួងទេសចរណ៍បានជូនពរដល់ព្រឹត្តិការណ៍ពិព័រណ៍នេះឱ្យទទួលបានជោគជ័យ ជាពិសេសជូនពរដល់ប្រទេសឥណ្ឌូនេស៊ី ដែលកំពុងធ្វើជាប្រធានអាស៊ានទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាដើម៕