Close

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នីតិកាលទី៧ នៅព្រឹកស្អែក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នីតិកាលទី៧ នៅព្រឹកស្អែក គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នីតិកាលទី៧ នៅព្រឹកស្អែក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នៅព្រឹកស្អែក បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្នកាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣ ដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ ព្រឹក រយៈពេល ៧២ ម៉ោងបានកន្លងផុត។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា  ជាពិសេស ក្រោយការប្រកាសផ្សាយនេះ គ.ជ.ប ពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០ ព្រឹក តាមប្រព័ន្ធផ្សព្វផ្សាយ ដូចខាងក្រោម៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក)  វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz) ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) គេហទំព័រ គ.ជ.ប ៖ electresult.nec.gov.kh កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News Facebook ៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee   YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ ឯកឧត្តម  ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីការគ្រប់គ្រង និងប្រព្រឹត្តទៅនៃការបោះឆ្នោត ខ្លឹមសារឯកសារផ្សព្វផ្សាយសម្រាប់ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ លិខិតឆ្លើយតប និងឯកសារលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើរបាយការណ៍សង្ខេបស្តីពីការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ឯកភាពលើខ្លឹមសារបដា និង Poster គំរូប្លង់ការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ឯកភាពឆ្លើយតបទៅនឹងលិខិតលេខ ០០០៤៣/២៣ គ.ខ.ឈ.ក ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ របស់គណបក្សខ្មែរឈប់ក្រ ដែលបានដាក់ចូលមក គ.ជ.ប។

ខ្លឹមសារក្នុងលិខិត គ.ជ.ប ឆ្លើយតបទៅនឹងលិខិតរបស់គណបក្សខ្មែរឈប់ក្រដោយបញ្ជាក់ថា  លិខិត របស់គណបក្សខ្មែរឈប់ក្រមានលក្ខណៈមិនត្រឹមត្រូវស្របតាមទម្រង់ និងគតិច្បាប់ ដូចមានចែងក្នុងមាត្រា ១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នោះទេ។ ដូចនេះ គ.ជ.ប មិនអាចទទួលយកមកពិនិត្យ និងដោះស្រាយបានឡើយ។

ឯកភាពលើឯកសារពាក់ព័ន្ធនឹងការផ្សព្វផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន ៖របាយការណ៍ស្តីពីការផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សេចក្តីសម្រេចស្តីពីការប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពលើ សេចក្តីសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតតាមមណ្ឌល ក្នុងការបោះឆ្នោតជើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ និង សេចក្តីសម្រេចស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង