ប្រព័ន្ធ CQS នឹងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា
ភ្នំពេញ ៖ តាមរយៈភាពជាដៃគូជាមួយ សហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផលបានប្រកាសជាផ្លូវការអំពីការប្រគល់វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ជូនដល់សហគ្រាសកែច្នៃផល ផលិតផលជលផល។
សហគ្រាសជ័យលាភីនាឱកាសនេះ បានបំពេញតាមលក្ខខណ្ឌតម្រូវរបស់និមិត្តសញ្ញាគុណភាពCQS ដែលជាគំនិតផ្តួចផ្តើមមួយរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)។
CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាមរយៈគម្រោង CAPFISH-Capture។ គម្រោងនេះមានការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការUNIDO ។
ការធានាឲ្យបាននូវគុណភាព និងសុវត្ថិភាពនៃផល ផលិតផលជលផល គឺជាគោល ដៅចម្បងរបស់ប្រព័ន្ធវិញ្ញាបនបត្រ ដែលនឹងអាចរួមចំណែកអភិវឌ្ឍឧស្សាហកម្មជលផលកម្ពុជាប្រកបដោយបរិយាប័ន្ន និង ចីរភាព។
តួអង្គនៅក្នុងខ្សែច្រវ៉ាក់តម្លៃជលផលទាំងមូលដែលអាចចូលរួមដាក់ពាក្យស្នើសុំនិមិត្តសញ្ញា CQS រួមមាន៖ សហ គ្រាសកែច្នៃផល ផលិតផលជលផល ទូកនេសាទ និងផែត្រីជាដើម ប្រសិនបើអាចគោរពទៅតាមស្តង់ដារដែលបានកំណត់។ សម្រាប់ជំហានដំបូង CQS គិតគូរលើសុវត្ថិភាពម្ហូបអាហារក្នុងគោលដៅកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងកេរ្តិ៍ឈ្មោះផលិត ផលកម្ពុជា។
ស្របនឹងប្រធានបទ ស្តង់ដារម្ហូបអាហារ ជួយសង្រ្គោះជីវិត របស់ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២៣ ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា(ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ (MISTI) បានសង្កត់ធ្ងន់ថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ផល ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។
សម្រាប់ជុំទី១ រដ្ឋបាលជលផល បានប្រគល់វិញ្ញាបនបត្រដល់សហគ្រាសចំនួន ៨ ដែលអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនស្របតាមលក្ខខណ្ឌតម្រូវនៃCQS រួមមាន៖ សហគ្រាសលាងឡេង សហគ្រាសផលិតទឹកត្រីនីអៀងណេង សិប្បកម្មសំណាងសុធា សហគ្រាសហូមថេសហ្វូត សហគ្រាសភ្នំពេជ្រប៊ុនឃា សហគ្រាសធឿនស្រីនី សិប្បកម្មកែច្នៃវង្សតារា និងសិប្បកម្មកែច្នៃហេងហ៊ត់ (សុខ ឃីម)។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃខ្ពស់អំពីសមិទ្ធិផលនៃគម្រោង ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប ក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនៅកម្ពុជា ដែលទន្ទឹមគ្នានោះពង្រីកកាលានុវត្តន៍ភាពសម្រាប់ការនាំចេញផលផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារក្រៅស្រុក ដោយបានគូសបញ្ជាក់ថា «ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺជួយបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលជលផលដែល មានបិតភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស»។
«ដើម្បីធានាបានទំនុកចិត្ត និងសុចរិតភាពនៃប្រព័ន្ធវិញ្ញាបនបត្រCQS រដ្ឋបាលជលផល និងអង្គការ UNIDO ដោយ មានជំនួយបច្ចេកទេសពីក្រុមហ៊ុនប្រឹក្សាយោបល់Peterson Projects & Solutions បានរៀបចំបង្កើតបទបញ្ញត្តិ គោល ការណ៍ណែនាំបច្ចេកទេស និងឯកសារពាក់ព័ន្ធនានាប្រកបដោយតម្លាភាព និងគ្រប់ជ្រុងជ្រោយ។ សវនករដែលជាមន្រ្តីរបស់ រដ្ឋបាលជលផល និងស្ថាប័នរដ្ឋផ្សេងទៀតត្រូវបានបណ្តុះបណ្តាល និងមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ធ្វើសវនកម្មCQS។» នេះជាការលើកឡើងរបស់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល។
ឯកឧត្តម បានបន្ថែមទៀតថា «បន្ថែមពីលើការគាំទ្រនាពេលបច្ចុប្បន្ន សហគ្រាសដែលមានសក្តានុពលខ្ពស់ក្នុងការ នាំចេញផល ផលិតផលជលផលរបស់ខ្លួនទៅកាន់ទីផ្សារសហភាពអឺរ៉ុប នឹងត្រូវបានជ្រើសរើស និងគាំទ្របន្ថែមតាមរយៈការរៀបចំបង្កើតឱ្យមានប្រព័ន្ធអង្កេតដាន និងឯកសារពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារដើម្បី ត្រៀមលក្ខណៈសម្រាប់ការ ចុះពិនិត្យ និងវាយតម្លៃផ្ទៀងផ្ទាត់ពីអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពម្ហូបអាហាររបស់ សហភាពអឺរ៉ុប (DG SANTE) នា ដើមឆ្នាំ២០២៤»៕