សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី3 តម្លៃជាង ២៧៣លានដុល្លារ
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលជួយសម្រួលដល់ការកកស្ទះនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញ បានបញ្ចប់ការសាងសង់ ១០០ ភាគរយហើយ គិតមកដល់ពេលនេះ ហើយតាមការគ្រោងទុក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែសីហា ឆ្នាំ២០២៣ ខាងមុខ។
យោងតាមមន្ទីសាធារណការ និងដឹកជញ្ជូនភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ននេះ គម្រោងដ៏ធំនេះបាន និងកំពុងបម្រើឱ្យការធ្វើដំណើរជាបណ្ដោះអាសន្នយ៉ាងមមាញឹក។
សូមបញ្ជាក់ផងដែរថា ផ្លូវក្រវាត់ក្រុងទី៣ នេះ មានប្រវែងសរុប ៥២,៩៨ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះដែរបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។
គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី ៣ នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន ២៥៩ លានដុល្លារអាមេរិក កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៨ និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។
ការសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍន៍បូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕