បណ្តាក្រុមហ៊ុននានារបស់សិង្ហបុរីបានមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលទីផ្សារ និងការវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation – SBF) អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ពិសេស ស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation – SBF) ដឹកនាំដោយលោក Gary Lim, ប្រធានប្រចាំប្រទេស អមដោយសមាជិកប្រតិភូ មកពីបណ្តាក្រុមហ៊ុននានា ចំនួន ២៣ រូបទៀត កាលពពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៣។
ជាមួយគ្នានេះ, ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិត្រឡប់ចូលកម្ពុជាវិញសម្រាប់ចូលរួម ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ។ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងមានកំណើន ៥, ៦% នៅឆ្នាំ ២០២៣ និងកំណើន ៦, ៦% នៅឆ្នាំ ២០២៤, អតិផរណានឹងមានត្រឹម ២,៥% នៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤, និងអត្រាប្តូរប្រាក់ និងទុនបម្រុងជាតិ នឹងមានស្ថិរភាព ។ ដោយឡែក, វិស័យកសិកម្ម, វិស័យទេសចរណ៍ និងវិស័យមិនមែន កាត់ដេរ ក៏នៅជាវិស័យសក្តានុពល ដែលរំពឹងថានឹងមានកំណើនវិជ្ជមាន។
ទោះយ៉ាងណា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា រយៈពេល ២៥ ឆ្នាំ កន្លងមក កម្ពុជានៅប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនក៏ដោយ ដូចជា ឥទ្ធិពលអវិជ្ជមាននៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ការប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងចំណោមប្រទេសសេដ្ឋកិច្ចជឿនលឿន ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងការរីករាលដាលនៃជំងឺកាចសាហាវជាសកល ជាដើម ។
ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៍បានមានប្រសាសន៍បន្ថែមថា ពាក់ព័ន្ធនឹងរបៀបវារៈគោលនយោបាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងរយៈពេល ៥ ឆ្នាំខាងមុខរបស់រាជរដ្ឋាភិបាល ដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងអនាគតមន្ត្រីដឹកនាំបន្តវេន ដែលប្រកបដោយថាមពល និងសមត្ថភាព គឺសំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឈសេដ្ឋកិច្ច និងសង្គមឌីជីថល។
ជាចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជូនពរដល់ប្រតិភូធុរកិច្ចសិង្ហបុរី ទទួលបានជោគជ័យក្នុងបេសកកម្មបំពេញការងារ ពិសេស ការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ច នៅកម្ពុជា៕