ក្រសួងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តសៀមរាប
សៀមរាប ៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងរដ្ឋខេត្តសៀមរាប បានជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋទូទាំងខេត្តសៀមរាប ដើម្បីពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដែលនៅសេសសល់ឲ្យបានឆាប់ និងមានប្រសិទ្ធភាព។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្រសួង និងស្ថាប័នពាក់កាលពីពេលកន្លងទៅថ្មីៗនេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយណែនាំ ដើម្បីពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដែលនៅសេសសល់ឲ្យបានឆាប់ និងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងមុខងារជាអាជ្ញាធរគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ សូមស្នើសុំកិច្ចសហការជំរុញពីអាជ្ញាធរ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋ លើកិច្ចការពាក់ព័ន្ធនឹងការធ្វើប័ណ្ណ កម្មសិទ្ធិ លើដីរដ្ឋ ដូចខាងក្រោម៖
១ . រួសរាន់ដាក់ពាក្យស្នើសុំធ្វើបានកម្មសិទ្ធិលើដីរដ្ឋ ដោយទំនាក់ទំនងផ្ទាល់ទៅ កាន់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដីរាជធានីខេត្ត ឬអាចទំនាក់ទំនងមកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត និងគណៈកម្មការអន្តរក្រសួង ដើម្បីជួយសម្របសម្រួលជូន(ដូចមានបញ្ជីឈ្មោះ និងលេខទូរសព្ទសម្រាប់ទំនាក់ទំនងភ្ជាប់ជាមួយ) ។
២ . ទីតាំងដីរដ្ឋដែលមានទំនាស់ស្មុគស្មាញ ត្រូវទុកដោះស្រាយឱ្យបានរួចរាល់ ជាស្ថាពរសិនទើបអាចស្នើសុំធ្វើបានកម្មសិទ្ធិ។
៣ . សូមពិនិត្យមើលតួលេខទីតាំងដីរដ្ឋរបស់សាមីអាជ្ញាធរកាន់កាប់ ដែលបានធ្វើប័ណ្ណកម្មសិទ្ធិរួច និងពុំទាន់បានធ្វើ(ដូចមានតារាងស្ថិតិបច្ចុប្បន្នភាពបណ្ដោះអាសន្នភ្ជាប់ជាមួយ) ដើម្បីរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងដែលនៅសល់។
៤ . ទីតាំងដីរដ្ឋដែលបានធ្វើប័ណ្ណកម្មសិទ្ធិរួច និងមិនទាន់បានកម្មសិទ្ធិ ដែលមិនទាន់បានចុះក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីឱ្យបានត្រឹមត្រូវស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងនីតិវិធីជាធរមានដោយមានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ករណីដែលមិនបានចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ គឺជាការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានរបស់អាជ្ញាធរកាន់កាប់សាមី។
សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានសម្រេចលើកលែងការយកកម្រៃ សេវាសាធារណៈចំពោះការចុះបញ្ជីដីលើកដំបូង លើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល និងគរុភណ្ឌជាដីវត្ត។ ទន្ទឹមនេះ គណៈកម្មាធិការអន្តរក្រសួង និងក្រុមការងារមកពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងចុះត្រួតពិនិត្យនិងជំរុញកិច្ចការខាងលើរហូតដល់ចប់៕