កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានក្នុងរង្វង់ ៥,៥% នៅឆ្នាំ ២០២៣ នេះ
ព្រះសីហនុ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅកម្ពុជាកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងសម្រេចបានក្នុងរង្វង់ ៥,៥% នៅឆ្នាំ២០២៣ ដែលគាំទ្រដោយកំណើនខ្ពស់នៃវិស័យទេសចរណ៍ និងភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ស្របពេលដែលវិស័យកសិកម្ម និងសំណង់ បន្តមានកំណើនទាប។
ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម បានថ្លែងបន្តថា អត្រាអតិផរណាត្រូវបានព្យាករថានឹងថយចុះមកក្នុងរង្វង់ ២% ដែលជាកម្រិតមួយអាចគ្រប់គ្រងបាន ដោយសារការថមថយថ្លៃប្រេងឥន្ធនៈ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកមានកំណើនយឺត និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។
ទន្ទឹមនឹងការរំពឹងទុកដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យចម្បងៗមួយចំនួន ដែលរួមមាន៖
១.កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចពិភពលោកនិងតំបន់ ជាពិសេសប្រទេសដៃគូសំខាន់ៗ ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងអង់គ្លេស ដែលអាចប៉ះពាល់ដល់ការនាំចេញ លំហូរវិនិយោគ និងវិស័យទេសចរណ៍
២.ភាពមិនច្បាស់លាស់នៃលំហូរមូលធន និងការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យអត្រាការប្រាក់កើនឡើង និងដាក់សម្ពាធមកលើអត្រាការប្រាក់នៅកម្ពុជាផងដែរ ជាពិសេសក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់
៣.ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុងវិស័យកសិកម្ម និង
៤.ឧក្រិដ្ឋកម្មសាយប័រ ដែលអាចធ្វើឱ្យរអាក់រអួលដល់ដំណើរការប្រព័ន្ធទូទាត់និងសេដ្ឋកិច្ចទាំងមូល។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ថា ៖«ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ការលើកកម្ពស់ប្រសិទ្ធភាពនិងសុវត្ថិភាពប្រព័ន្ធទូទាត់ ព្រមទាំងត្រៀមខ្លួនដាក់ចេញនូវនយោបាយនិងវិធានការគាំទ្រចាំបាច់នានា ស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង»។
កាលពីខែឧសភា ឆ្នាំ២០២៣ ធនាគារពិភពលោកឱ្យដឹងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។
របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥,២ភាគរយ។ សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ទៅរកកម្រិតកំណើនដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះការមកដល់នៃភ្ញៀវបរទេសមានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះបានមកក៏ដោយសារថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោក ផងដែរ។
វិស័យកសិកម្មរបស់កម្ពុជាកំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់កាន់តែច្រើនបន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥,៥ភាគរយ។
លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ៖«ដើម្បីរក្សាឱ្យបាននូវដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ឱ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយឱ្យកាន់តែរលូនថែមទៀត»៕