Close

អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋ មានការប្រុងប្រយ័ត្នពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដែលកំពុងលិចទឹកជំនន់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋ មានការប្រុងប្រយ័ត្នពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដែលកំពុងលិចទឹកជំនន់ អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋ មានការប្រុងប្រយ័ត្នពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ដែលកំពុងលិចទឹកជំនន់

កំពង់ស្ពឺ ៖ ការលើកឡើងរបស់អាជ្ញាធរនេះ គឺបន្ទាប់ពីថ្ងៃទី២៨-២៩ កក្កដា មានភ្លៀងធ្លាក់យ៉ាងរាយប៉ាយទូទាំងប្រទេសបានធ្វើឲ្យកម្ពស់ទឹកនៅតាមទំនប់នានា កើនឡើងរហូតដល់អាជ្ញាធរសម្រេចបើកទ្វារទឹក ដើម្បីកុំឲ្យទឹកឡើងខ្ពស់ បណ្ដាលឲ្យបាក់ទំនប់ លិចលង់ផ្លូវថ្នល់ ស្រែចំការ របស់របរ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺនៅថ្ងៃទី៣០ កក្កដា បានឲ្យដឹងថា មានភ្លៀងធ្លាក់ ២ថ្ងៃជាប់គ្នាក្នុងកម្រិតជាង ៣០០មីលីម៉ែត្រ កាលពីថ្ងៃទី២៨ និង២៩កក្កដា បណ្ដាលឲ្យមានទឹកជំនន់កើតឡើងនៅផ្នែកខាងក្រោមទំនប់អូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ទីរធនធានទឹកបន្តទៀតថា ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តទៀតនោះទេ ទឹកជំនន់នឹងបានធូរស្បើយឆាប់រហ័ស។

ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ កក្កដា ជូនដំណឹងដល់ពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ឲ្យរកផ្លូវវាងបណ្ដោះអាសន្ន ដោយសារតែទឹកជំនន់ទឹកភ្លៀងបានលិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៧ និង១០៨។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកគឺនៅមិនទាន់ស្រកនៅឡើយទេ ហើយគ្រោះទឹកជំនន់នេះ មានពលរដ្ឋម្នាក់បានបាត់បង់ជីវិត នៅពេលដើររកត្រី និងបាញ់សត្វស្របពេលទឹកកំពុងតែហូរខ្លាំង។

ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់ពលរដ្ឋ ប្រសិនបើត្រូវការជួយសង្គ្រោះបន្ទាន់ត្រូវទាក់ទងទៅកាន់សមត្ថកិច្ច ដែលនៅជិតបំផុតជាបន្ទាន់ និងត្រូវយកចិត្តទុកដាក់បំផុតចំពោះជនងាយរងគ្រោះដូចក្មេងៗ និងមនុស្សចាស់ជរា។ ដោយឡែកសម្រាប់បងប្អូនដែលត្រូវប្រើប្រាស់ផ្លូវលេខ៤ សូមងាកទៅប្រើប្រាស់ផ្លូវល្បឿនលឿនជំនួសសិនបាន៕


អត្ថបទទាក់ទង