អគារទីស្តីការក្រសួងមហាផ្ទៃតម្លៃជាង៦០លានដុល្លារ សម្រេចបានការសាងសង់ជាង៩៨ភាគរយហើយ
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ គម្រោងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយហើយ ដែលនឹងអាចបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយ ហើយក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ប្រកបដោយទំនួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។
អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។
លេីសពីនេះ ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប៕