គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោត ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តទៅ។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប ដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិកាលពីថ្ងៃទី ២៧ ខែកក្កដា ឱ្យដឹងថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងនេះបន្តថា បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។
សូមបញ្ជាក់ថា ទោះបីមានចលនារារាំង ប្រជាពលរដ្ឋ ញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញការបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត រហូតដល់ ៨៤,៥៩% គឺមានចំនួនច្រើនជាងការបោះ
ឆ្នោតមុនៗ។
ជារួម គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។ ម្យ៉ាងទៀតការបោះឆ្នោតនៅកម្ពុជា គឺមានការវិវឌ្ឍន៍ ពីមួយអាណត្តិទៅមួយអាណត្តិ ដោយបានបញ្ចូលបច្ចេកវិទ្យាព័ត៌មានទៅក្នុងដំណើរការរៀបចំការ បោះឆ្នោត។
តាមប្រតិទិននៃការបោះឆ្នោត លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសផ្សាយនៅចន្លោះពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ (តាមករណីគ្មាន ឬមានពាក្យបណ្ដឹង និងករណីគ្មានការបោះឆ្នោតសាជាថ្មី)៕