Close

ផ្លូវការហើយ ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដំណើការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ផ្លូវការហើយ ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដំណើការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ ផ្លូវការហើយ ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដំណើការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តទៅ។

សេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលជំរាបជូនប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ បញ្ជាក់ថា  អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

សេចក្តីជូនដំណឹងនេះបន្តថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប (Siem Reap International Airport–REP) បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

បើតាមសេក្តីជូនដំណឹងដដែលនេះ  អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ សាងសង់លើផ្ទៃដី ៧៥០ ហិកតា គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក ដែលចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ ហើយការវិនិយោគបង្កើតអាកាសយានដ្ឋាននៅទីនេះ បន្ទាប់ពី៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយរាជរដ្ឋាភិបាលកម្ពុជា៕






អត្ថបទទាក់ទង