Close

សហគមន៍ទឹកធ្លាក់ថ្មក្រាលទទួលបានភ្ញៀវជាង ៣,៧០០នាក់ ក្នុងរយៈពេល២ថ្ងៃក្រោយពេលបោះឆ្នោត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ សង្គម
សហគមន៍ទឹកធ្លាក់ថ្មក្រាលទទួលបានភ្ញៀវជាង ៣,៧០០នាក់ ក្នុងរយៈពេល២ថ្ងៃក្រោយពេលបោះឆ្នោត សហគមន៍ទឹកធ្លាក់ថ្មក្រាលទទួលបានភ្ញៀវជាង ៣,៧០០នាក់ ក្នុងរយៈពេល២ថ្ងៃក្រោយពេលបោះឆ្នោត

ក្រោយបានបំពេញកាតព្វកិច្ច ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ ប្រជាពលរដ្ឋបានចេញដើរលេងកម្សាន្ដតាមរមណីយដ្ឋាននានាទូទាំងផ្ទៃប្រទេស។ ដោយឡែក សម្រាប់តែសហគមន៍តំបន់ការពារធម្មជាតិថ្មក្រាល បានទទួលភ្ញៀវទេសចរចូលលេងកម្សាន្ដចំនួន ៣,៧០០នាក់ ដោយគិតត្រឹមតែពីរថ្ងៃ គឺថ្ងៃទី ២៣ និង ២៤ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈភ្ញៀវដែលចូលកម្សាន្ដនៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ផ្ទាល់អាចរកចំណូលបានជាង ៥លានរៀល ដែលចំណូលនេះពិតជាដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ជាពិសេសតំបន់ទេសចរណ៍ សម្រាប់ទទួលភ្ញៀវឱ្យកាន់តែច្រើនថែមទៀតនៅថ្ងៃខាងមុខ។

សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ និងមានចម្ងាយប្រមាណ ៥៧ គ.ម ពីក្រុងកំពង់ឆ្នាំង។ ចំណុចទាក់ទាញសំខាន់សម្រាប់ សហគមន៍មួយនេះគឺទឹកធ្លាក់ដែលហូរចុះមកពីភ្នំ និងបន្តហូរតាមចន្លោះថ្ម ក្រោមម្លប់ដ៏ត្រឆឹងត្រឆៃនៃ ដើមឈើគ្រប់ប្រភេទ។

សហគមន៍បានរៀបចំជាខ្ចុះនៅប្របមាត់ទឹក ព្រមទាំងមានសេវាកម្មម្ហូបអាហារ ដែលភ្ញៀវក្នុងស្រុក និងក្រៅស្រុក អាចជ្រើសរើសសម្រាប់បរិភោគ។ សហគមន៍នេះក៏បានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់សម្រាប់អ្នកដំណើរអាចបើកឡានទៅដល់ ចំណតឡាន និងម៉ូតូដែលផ្ដល់ផាសុកភាព ដល់ភ្ញៀវ ព្រមទាំងបន្ទប់ទឹកដែលមានអនាម័យផងដែរ។

ម្យ៉ាងទៀត នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិមួយនេះក៏មានបែងចែកជាតំបន់កម្សាន្ដជាច្រើន ដែលភ្ញៀវអាចជ្រើសរើសការកម្សាន្ដរបស់ខ្លួនបានទៅតាមវ័យ និងតាមចំណង់ចំណូលចិត្តផងដែរ។ ទាំងនេះហើយជាចំណុចទាក់ទាញ ដែលជំរុញឱ្យភ្ញៀវក្នុងស្រុកភាគច្រើន និយមទៅលេងកម្សាន្ដ​តំបន់នេះ នៅរាល់ពេលសម្រាកពីការងារម្ដងៗ។

គួរបញ្ជាក់ថា ក្រោយបិទការិយាល័យបោះឆ្នោតនៅម៉ោង ៤ និង ៣០នាទី នាថ្ងៃទី ២៤កក្កដា ម្សិលមិញ អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្នចំនួន ៨,១៤០,២១២នាក់ ស្មើនឹង ៨៣,៨៣ភាគរយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឌឹម សុវណ្ណារុំ អ្នកនាំពាក្យគ.ជ.ប៕





អត្ថបទទាក់ទង