ក្រសួងការបរទេស ៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ បានបង្ហាញពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា
ភ្នំពេញ ៖ ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំ ខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលប់ ហើយកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព។ នេះបើយោងតាមសចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការគូសបញ្ជាក់ពីការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិតនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖
១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក ៖ អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត ដែលពួកគេជឿថា អាចដឹកនាំប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ អត្រាអ្នកចូលរួមបោះឆ្នោត ៨៤,៥៨% ដែលលើសពីអត្រាអ្នកចូលរួមនៃការបោះឆ្នោតជាតិចំនួនបួនលើកកន្លងមក ចាប់តាំងពីឆ្នាំ ២០០៣ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើក នៃប្រជាធិបតេយ្យរបស់កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត។
២. ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យ ៖ អត្រាអ្នកបោះឆ្នោតដ៏ខ្ពស់បំផុតនេះបង្ហាញពីការបដិសេធយ៉ាងច្បាស់ ចំពោះការអំពាវនាវឱ្យធ្វើពហិការការបោះឆ្នោត និងយុទ្ធនាការលាបពណ៌ ដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណងឱ្យមានការផ្លាស់ប្តូររបប តាមរយៈវិធីសាស្ត្រមិនមែនប្រជាធិបតេយ្យ។ សិទ្ធិអធិបតេយ្យ និងស្វ័យសម្រេចរបស់កម្ពុជា ត្រូវតែទទួលបានការគោរព ដោយតួអង្គខាងក្រៅទាំងអស់។
៣. អ្នកសង្កេតការណ៍មិនលំអៀង ៖ ដំណើរការបោះឆ្នោតនេះត្រូវបានចូលរួមធ្វើជាសាក្សីមិនលំអៀងដោយអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៤២២ នាក់ ដែលតំណាងឱ្យ ៦៥ សញ្ញាតិ មកពី ៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសហគមន៍អនិកជនកម្ពុជានៅបរទេស។ ដំណើរការបោះឆ្នោតនេះក៏ត្រូវបានតាមដានយ៉ាងដិតដល់ ដោយភ្នាក់ងារគណបក្សនយោបាយជិត ៦០ ០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន ៩០ ០០០ នាក់ ដែលបានបញ្ជាក់រួមទាំងអស់គ្នាអំពីភាពត្រឹមត្រូវ និងតម្លាភាព នៃការបោះឆ្នោត។ ក្រសួងសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះបុព្វហេតុដ៏ធំធេង នៃប្រជាធិបតេយ្យនៅកម្ពុជា។
៤. ការគោរពតាមច្បាប់ជាធរមាន ៖ សេចក្តីថ្លែងការណ៍របស់ក្រុមអ្នកសង្កេតការណ៍ខាងលើ បង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតសកលនៅកម្ពុជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព សន្តិភាព និងប្រកបដោយបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន។ ឯករាជ្យភាព និងវិជ្ជាជីវៈរបស់មន្ត្រីនិងស្ថាប័នរៀបចំការបោះឆ្នោតនេះក៏ ត្រូវបានទទួលការកត់សម្គាល់ផងដែរ។
៥. ពហុបក្សនយោបាយប្រកបដោយបរិយាបន្ន ៖ ដំណើរការបោះឆ្នោតនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃពហុបក្សនយោបាយពិតប្រាកដ ដោយផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជា និងគណបក្សនយោបាយរៀងៗខ្លួននូវឱកាសស្មើភាព និងយុត្តិធម៌ ក្នុងការចូលរួមប្រកួតប្រជែងនយោបាយ នៅក្នុងដែនកំណត់នៃច្បាប់។ សិទ្ធិ និងការទទួលខុសត្រូវ គឺមិនអាចកាត់ផ្ដាច់ពីគ្នាបានទេ ហើយការប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមច្បាប់បោះឆ្នោតមានសារៈសំខាន់ និងភាពចាំបាច់ ដើម្បីធានាបាននូវភាពមិនលំអៀងនៃដំណើរការបោះឆ្នោត។ អ្នកដែលមិនគោរពច្បាប់ឱ្យបានត្រឹមត្រូវ ត្រូវទទួលរងនូវផលវិបាក។
សរុបសេចក្តីមក ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈចំនួនអ្នកចូលរួមបោះឆ្នោតដ៏ច្រើនលើសលុប និងធម្មានុរូបនៃការបោះឆ្នោត ដូចដែលបានត្រូវបញ្ជាក់ដោយភាពចម្រុះនៃក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តឥតងាករររបស់ខ្លួនចំពោះពហុបក្សនយោបាយ និងប្រជាធិបតេយ្យប្រកបដោយសន្តិភាព ដោយគិតគូរពីលក្ខណៈពិសេសដោយឡែក ប្រវត្តិសាស្ត្រដ៏សោកនាដកម្ម និងវប្បធម៌របស់ប្រទេស៕