Close

សម្តេច ស ខេង ៖ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេច ស ខេង ៖ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ សម្តេច ស ខេង ៖ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងពេល ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ ចូលជួបសម្ដែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាពនៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចបានបន្ថែមថា ឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។

សម្ដេចបានបន្ថែមថា ប្រជាពលរដ្ឋវិញ ក៏បានបំពេញតួនាទី និងសិទ្ធិរបស់ខ្លួនយ៉ាងត្រឹមត្រូវ កាន់តែមានភាពចាស់ទុំពីដំណើរការបោះឆ្នោតមួយទៅដំណើរការបោះឆ្នោតមួយ។ សម្ដេចចាត់ទុកភាពវិជ្ជមាន និងរីកចម្រើននេះថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ព្រមទាំងការចូលរួមចំណែកពីបណ្ដាមិត្តភក្ដិបរទេស និងសហគមន៍អន្តរជាតិផងដែរ។

ជាការឆ្លើយតប ឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ បានបង្ហាញក្ដីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសបំពេញទស្សនកិច្ចសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០២៣នេះដែរ។

ឯកឧត្តមបានជម្រាបសម្ដេចក្រឡាហោមថាចាប់តាំងពីពេលមកដល់កម្ពុជា ឯកឧត្តមបានទស្សនកិច្ចនៅតាមការិយាល័យបោះឆ្នោតមួយចំនួន និងបានពិនិត្យមើលពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការបោះឆ្នោតនៅប្រទេសគីណេប៊ីសាវដែរ។ ឯកឧត្តមក៏ទទួលបានបទពិសោធន៍ថ្មីៗផងដែរអំពីការបោះឆ្នោតនៅកម្ពុជា ពិសេសការបោះឆ្នោតដោយសន្តិវិធី និងសន្តិភាព។

ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនសម្ដេចក្រឡាហោមអំពីលទ្ធផលនៃជំនួបរវាងឯកឧត្តមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពពិនិត្យទៅលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យកសិកម្ម។

ដោយឡែកសម្រាប់វិស័យកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ជាពិសេសការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងវិស័យនគរបាល ព្រមទាំងការចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីដែលបានវាយតម្លៃជាវិជ្ជមានមកលើដំណើរការបោះឆ្នោតនៅកម្ពុជា។

សម្ដេចក៏បានសម្ដែងការគាំទ្រចំពោះស្មារតីនៃលទ្ធផលជំនួបរវាងឯកឧត្តមនាយករដ្ឋមន្រ្តី និងសម្ដេចតេជោ នៅក្នុងការលើកកម្ពស់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ សម្ដេចក៏គាំទ្រ និងស្វាគមន៍គោលបំណងរបស់ឯកឧត្តមដើម្បីពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពិសេសការចែករំលែកបទពិសោធន៍រវាងកម្លាំងនគរបាលនៃប្រទេសទាំងពីរដើម្បីបម្រើដល់ការថែរក្សាសន្តិសុខ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ៕



អត្ថបទទាក់ទង