Close

សម្តេច ហេង សំរិន៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតពីអ្នកសង្កេតការណ៍អន្តរជាតិ នឹងរួមចំណែកឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេច ហេង សំរិន៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតពីអ្នកសង្កេតការណ៍អន្តរជាតិ នឹងរួមចំណែកឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ សម្តេច ហេង សំរិន៖ ការចូលរួមសង្កេតការណ៍បោះឆ្នោតពីអ្នកសង្កេតការណ៍អន្តរជាតិ នឹងរួមចំណែកឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌។
ការលើកឡើងរបស់សម្តេច ហេង សំរិន ខាងលើនេះ ធ្វើឡើងនៅក្នុងពេលដែលសម្តេចទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលផូគីត្រា ខណៈដែលឯកឧត្តមប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា។

សម្តេចបានមានប្រសាសន៍បន្តថា ដូចឯកឧត្តមប្រធានបានជ្រាបហើយថា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតសកលនៅទូទាំងប្រទេស សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ បើគិតចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដោយមានការចូលរួមសង្កេតការណ៍ពីប្រទេសជាមិត្ត និងអង្គការក្នុង និងក្រៅតំបន់ផងដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។
ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី បានចូលរួមអបអរសាទរពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនេះ គឺដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។
ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអនុញ្ញាតឱ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោតហ្វ្រង់កូហ្វូនី ដឹកនាំដោយ ឯកឧត្តម Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការនយោបាយ និងការទូត ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលផូគីត្រា ក្នុងខណៈដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមសង្កេតការណ៍ពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧នៅកម្ពុជា។

អង្គការប្រទេសនិយាយភាសាបារំាង(ហ្វ្រង់កូហ្វូនី) មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍បោះឆ្នោតនៅតាមប្រទេសជាសមាជិក។ នៅកម្ពុជាអង្គការនេះ នឹងសង្កេតការណ៍បោះឆ្នោតនៅបីទីតំាងមាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។
ក្នុងនោះជំនួបនោះ ឯកឧត្តម Desir Nyaruhirira បានគូសបញ្ជាក់ថា ការចូលរួមសង្កេតការណ៍របស់អង្គការហ្វ្រង់កូហ្វូនី ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យ។ នៅក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាជាមួយអង្គការហ្វ្រង់កូហ្វូនី។
ឯកឧត្តម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា នៅក្រោយបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការចូលរួមសង្កេតការណ៍បោះឆ្នោតនេះ អង្គការនឹងមានរបាយការណ៍មួយដើម្បីដាក់ជូនអង្គការ និងជូនមកប្រទេសកម្ពុជា។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍យ៉ាងកក់ក្តៅជូនគណៈប្រតិភូ។
សម្តេចបានមានប្រសាសន៍ថា ប្រទេសកម្ពុជាពិតជាមានកិត្តិយសខ្លាំងណាស់ដោយ ឯកឧត្តម ក្នុងនាមជាទីប្រឹក្សាពិសេស ទទួលបន្ទុកផ្នែកនយោបាយ និងការទូត របស់លោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី អញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនគណៈប្រតិភូទៀត ថា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជា បានរៀបចំការបោះឆ្នោតដោយខ្លួនឯង ប្រកបដោយជោគជ័យ និងមានលក្ខណៈសេរី និងយុត្តិធម៌ ដែលមានគណបក្សនយោយបាយជាច្រើន តែងចូលរួមប្រកួតប្រជែងដោយស្មើភាព ក្រោមការរៀបចំរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ។ ជាមួយគ្នានេះ សម្តេចបានជូនពរឳ្យការបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ ទទួលបានជោគជ័យល្អផងដែរ ៕

អត្ថបទទាក់ទង