Close

ស្វែងយល់អំពីតំបន់ទេសចរណ៍បែបកោះ នៅប៉ែកឦសាននៃប្រទេសកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ស្វែងយល់អំពីតំបន់ទេសចរណ៍បែបកោះ នៅប៉ែកឦសាននៃប្រទេសកម្ពុជា ស្វែងយល់អំពីតំបន់ទេសចរណ៍បែបកោះ នៅប៉ែកឦសាននៃប្រទេសកម្ពុជា

តំបន់ដីសើម ឬគេហៅថាតំបន់រ៉ាមសារ គឺជាតំបន់ដ៏មានសក្កានុពលផ្នែកទេសចរណ៍ធម្មជាតិ ដែលអាចហុចផលជាចំណូលមួយផ្នែកទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់។

បច្ចុប្បន្ន កម្ពុជា មានតំបន់ដីសើម ៤កន្លែង ដែលមានផ្ទៃក្រឡាសរុប ៧៥.៩៤២ ហិកតា ហើយស្ថិតនៅទីតាំង​ភូមិសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ី ៣ផ្សេងគ្នា គឺតំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ។

អ្នកទេសចរដែលមានបំណងចង់ទៅលេងតំបន់រ៉ាមសារប៉ែកឦសាននៃប្រទេសកម្ពុជា គឺខេត្តក្រចេះ និងស្ទឹងត្រែង អាចទៅទស្សនាបាននៅក្នុងអំឡុងខែទឹកស្រក ពោលគឺចន្លោះខែ ធ្នូ ដល់ខែមេសា។

នៅក្នុងរដូវទឹកស្រក អ្នកទេសចរណ៍នឹងអាចគយគន់ខ្សាច់សក្បុស នៅតាមកូនកោះនានា ក៏ជា រដូវដែលអំណោយផលក្នុងការមើលថ្ងៃរះ និងថ្ងៃលិច រីឯការធ្វើដំណើរក៏មិនសូវជា​មានឧបសគ្គ ច្រើន។ មិនសូវមានឧបសគ្គច្រើនព្រោះនារដូវវស្សា តំបន់នេះនឹងមានទឹកជន់ជោរ មិនត្រឹមតែ ប៉ុណ្ណោះ វាជាតំបន់ល្បាក់ខោននៃទន្លេមេគង្គ ដែលមានកម្លាំងទឹកគួចខ្លាំង ម្យ៉ាងទៀតអន្លង់ជ្រៅៗ និងថ្មដុះ នៅក្នុងទឹក ក៏អាចបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត​អ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។

ដោយឡែក កោះចំនួន២ដែលអ្នកទេសចរមិនគួររំលងនោះគឺ កោះហាន និងកោះសាមសិប។ កោះហានគឺជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះពេញ «សហគមន៍អេកូទេសចរណ៍សម្រស់​កោះហាន»។ សហគមន៍នេះស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង ជាសហគមន៍ដែល​មានសក្កានុពលមួយ ក្នុងចំណោមសហគមន៍នៅតាមដងទន្លេមេគង្គលើឯទៀត។

ភ្ញៀវទេសចរដែលទៅលេងកម្សាន្ដតំបន់នេះ អាចទៅទទួលយកសេវាកម្មរបស់​សហគមន៍​បងប្អូនជន​ជាតិភាគតិចខ្មែរ-ឡាវ ដើម្បីរួមចំណែកជួយកសាងសេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាជន​ប្រមាណជា ៣៥ គ្រួសារនៅលើកោះមួយនេះផង។

ភាពរួសរាយរាក់ទាក់ និងការស្វាគមន៍ដ៏កក់ក្ដៅរបស់ប្រជាសហគមន៍កោះហាន នឹងកាន់តែ ញុំាងឱ្យ អារម្មណ៍អ្នកទស្សនាមានមនោសញ្ចេតនា ដិតជាប់ ចង់ទៅកម្សាន្ដ​ទៀតនៅពេល ក្រោយ។ ក្រៅតែពីការស្វាគមន៍ដ៏កក់ក្ដៅនេះទៅ អ្នកទេសចរអាចទៅមើលថ្មដុះ ដ៏ស្រស់ស្អាតនៅ តាមច្រាំង ទន្លេ ទៅងូតទឹកត្រជាក់ស្រេបនៅក្រោមម្លប់ឈើព្រៃលិចទឹកដ៏ត្រឈឹងត្រឈៃ មើលថ្ងៃលិច និងពិសេសបំផុតគឺភ្លក់រសជាតិអាហារតំបន់ដែលប្លែកមាត់ដូចជា ត្រីភ្លា ចែវហន(ដូចទៅនឹងស៊ុប ប៉ុន្តែប្រើសាច់ត្រី) បុកម្ជូរត្រី និងប្រហិតត្រីស្រស់ៗដ៏មានឱជារស។

កោះដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយទៀត គឺកោះសាមសិប ក៏ជាគោលដៅទេសចរណ៍ ដែលមិនគួរ មើលរំលងផងដែរ។ កោះសាមសិប មានចំងាយ ៩៣គីឡូម៉ែត្រពីខេត្តក្រចេះ និងជាកោះដែលល្បី ឈ្មោះខាងសត្វព្រៃ និងសត្វស្លាប។
សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាបណ្ដុំកោះតូចៗដែលសន្ដូកប្របទៅនឹងផ្ទៃទឹក ហើយវាលេចរូបរាងឡើងនៅពេលដែលទឹកទន្លេស្រកចុះ។ ក្នុងការធ្វើដំណើរទៅកោះសាមសិប អ្នកទេសចរត្រូវជិះទូកបញ្ច្រាសទឹកជាច្រើនម៉ោង ប៉ុន្តែទស្សនីយភាពនៃកោះមួយនេះ នឹងបំពេរ​អារម្មណ៍អ្នកជិះទូក មិនឱ្យមានអារម្មណ៍ថាយូរឡើយ។

សហគមន៍នេះ សំបូរទៅដោយព្រៃឈើជាច្រើនប្រភេទ ដែលជាប្រភេទ​ព្រៃរបោះ និងពាក់ កណ្តាល​ស្រោង ជាជម្រក​សត្វព្រៃដ៍សំខាន់ដូចជា សត្វខ្ទីង ប្រឺស ជ្រូកព្រៃ ក្ងោក​​ ត្មាត​ ត្រយ៉ងចំកំកស ព្រមទាំងសត្វស្លាបរាប់រយប្រភេទផ្សេងទៀត។

ភ្ញៀវទេសចរអាចសម្រាកលំហែកាយដោយមានសម្លេងសត្វស្លាបយំបំពេរ និងគយគន់ថ្ងៃលិច ដ៏ស្រស់ស្អាត។ ក្រៅតែពីការបោះតង់សម្រាកលើឆ្នេរខ្សាច់ទៅ សហគមន៍ក៏មានសេវាកម្មជូនភ្ញៀវ ដើរថ្មើរជើងនៅតាមព្រៃរបោះផងដែរ។ ក្នុងការដើរថ្មើរជើងនេះ ភ្ញៀវទេសចរអាចប្រទះឃើញសត្វ ស្លាបជាច្រើន ដោយរួមទាំងសត្វត្រយ៉ងយក្ស សត្វត្រដក់ និងសត្វក្ងោក ដែលសុទ្ធសឹងតែជា​ប្រភេទសត្វកម្រ។

ការទៅលេងកម្សាន្ដនៅតំបន់ទាំងនេះ មិនត្រឹមតែជាការជួយដល់សេដ្ឋកិច្ចសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយរក្សាព្រៃឈរ និងទប់ស្កាត់បទល្មើសនេសាទត្រីខុសច្បាប់ផងដែរ។ ជាក់ស្ដែង មុន​ពេលដែលសហគមន៍ទេសចរណ៍ត្រូវបានបង្កើតឡើង តំបន់ទាំងនេះសុទ្ធតែជាតំបន់សកម្មនៃ ការប្រព្រឹត្តបទល្មើសនានា៕

អត្ថបទទាក់ទង