Close

រថយន្តក្រុង ៣៥០ គ្រឿង រៀបចំរួចរាល់ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រថយន្តក្រុង ៣៥០ គ្រឿង រៀបចំរួចរាល់ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត រថយន្តក្រុង ៣៥០ គ្រឿង រៀបចំរួចរាល់ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ

ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ ខែកក្កដា នៅសាលារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ ទៅតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ បានទៅស្រុកកំណើត ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ ៣៥០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដោយបានបែងចែងជា១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋ ទៅស្រុកកំណើត ដើម្បីអោយពួកគាត់បានទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ដូច្នេះ ឯកឧត្តមជំរុញឲ្យមន្ត្រីពាក់ព័ន្ធដែលអនុវត្តការងារនេះត្រូវបំពេញការងារនេះអោយបានល្អ ជាមួយនិងការបើកបរដោយការប្រុងប្រយ័ត្ន ដើម្បីធានាសុវត្តិភាពជូនពួកគាត់ ទាំងទៅនិងមកភ្នំពេញវិញ។ ត្រូវដឹកជញ្ជូនពួកគាត់ដោយមិនមានការរើសអើង។ ចំពោះអាជ្ញាធរខណ្ឌដែលមានចំណតនៅក្នុងមួលដ្ឋានរបស់ខ្លួនត្រូវចុះពិនិត្យ និងសម្រួលលើការងារនេះ ជាមួយនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង