Close

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមសាកល្បងផ្ទៃក្នុងនូវបញ្ជរបង់ប្រាក់ និងមិនមានការអនុញ្ញាតចូលជាសាធារណៈឡើយ

ដោយ៖ សៅ វាយោ ​​ | ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២២នេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្ដើមសាកល្បង ផ្ទៃក្នុង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ ខណៈការស្ថាបនាផ្លូវនេះនឹងបញ្ចប់នៅអំឡុងខែកញ្ញា ខាងមុខទៀត។ មានន័យថា សាធារណជន គឺមិនត្រូវបានអនុញ្ញាអោយចូលប្រើប្រាស់នៅឡើយទេ។ នេះបើតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកអះអាងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន ៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញ ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។ បញ្ជរទី២ នៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ។ ជាមួយគ្នានេះ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ក៏មានរៀបចំជាកាតអេឡិចត្រូនិក ពិសេសសម្រាប់អ្នកដំណើររូបណាចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេលធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះមានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

Fresh News