Close

ចិន មិនទាន់ជឿទាំងស្រុងថា យោធាអ៊ុយក្រែនអាចបាញ់ស្ទាក់ជោគជ័យមីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន មិនទាន់ជឿទាំងស្រុងថា យោធាអ៊ុយក្រែនអាចបាញ់ស្ទាក់ជោគជ័យមីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ី ចិន មិនទាន់ជឿទាំងស្រុងថា យោធាអ៊ុយក្រែនអាចបាញ់ស្ទាក់ជោគជ័យមីស៊ីលលឿនជាងសម្លេងរបស់រុស្ស៊ី

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះរដ្ឋាភិបាលទីក្រុងគៀវបានប្រកាសទាំងគួរឲ្យភ្ញាក់ផ្អើលថា បានជោគជ័យសាជាថ្មីក្នុងការបាញ់ស្កាត់មីស៊ីលល្បឿនលឿនជាងសម្លេងមួយប្រភេទរបស់ប្រទេសរុស្ស៊ីដែលជារបាយការណ៍ធ្វើឲ្យមានប្រតិកម្មផ្សេងគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អ៊ុយក្រែនលោក Aleksey Reznikov បានថ្លែងថាក្រោយរបាយការណ៍នេះត្រូវបានផ្សព្វផ្សាយរួចមករដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានបង្ហាញភាពរីករាយ និងសាទរយ៉ាងខ្លាំង ខណៈដែលភាគីខាងទីក្រុងប៉េកាំងហាក់ដូចជាមិនទុកចិត្តចំពោះព័ត៌មាននេះនៅឡើយប្រសិនបើមិនអាចទទួលបានភស្តុតាងបញ្ជាក់បន្ថែមទេនោះ។

យោងតាមការប្រកាសនៅលើបណ្តាញសង្គមរបស់លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាកងកម្លាំងយោធាអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធការពារមីស៊ីលផលិតនៅអាមេរិក Patriot anti-missile ក្នុងការបាញ់ទំលាក់មីស៊ីលប្រភេទ Kinzhal ជាលើកដំបូងតាំងតែពីខែឧសភាមកម្ល៉េះហើយបន្តបន្ទាប់មកអ៊ុយក្រែនក៏នៅតែអាចបាញ់ទំលាក់មីស៊ីលប្រភេទជាច្រើនដងផ្សេងទៀតផងដែរទោះបីជាមានការបដិសេធពីភាគីរុស្សីថាវាគឺជាការអះអាងផ្ទុយពីការពិតក្តី។

មន្ត្រីកំពូលរូបនេះបានពន្យល់ទៀតថានៅពេលដែលលោកបានធ្វើការជូនដំណឹងនេះដំបូងទៅកាន់សហរដ្ឋអាមេរិកហើយអ្វីដែលអ៊ុយក្រែនបានទទួលពីភាគីខាងអាមេរិកគឺជាការសាទរនិងក្តីរំភើបចិត្តយ៉ាងខ្លាំង។

ផ្ទុយគ្នាស្រឡះទៅនឹងប្រតិកម្មរបស់អាមេរិកដែលធ្វើឡើងកាលពីពាក់កណ្តាលខែឧសភានោះមន្ត្រីតំណាងរបស់ចិនប្រចាំនៅតំបន់ Eurasia បានបង្ហាញនូវអារម្មណ៍ស្ទាក់ស្ទើរចំពោះការអះអាងនេះ និងចំពោះសមត្ថភាពរបស់កងកម្លាំងយោធាអ៊ុយក្រែនដែលអាចបាញ់ទំលាក់មីស៊ីលទំនើបបំផុតរបស់រុស្ស៊ីប្រភេទ Kinzhal នេះ៕

អត្ថបទទាក់ទង