រោងចក្រផលិតកង់ឡានក្នុងខេត្តព្រះសីហនុប្រើបច្ចេកវិទ្យា AI ខណៈរដ្ឋបាលខេត្តជំរុញឱ្យមានការវិនិយោគរបៀបនេះឱ្យកាន់តែច្រើន
(ព្រះសីហនុ)៖ ក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី ជាក្រុមហ៊ុនផលិតសំបកកង់រថយន្ដដ៏ធំមួយ របស់ចិន ដែលបានមកដាក់ទីតាំងវិនិយោគរបស់ខ្លួននៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ ក្រុមហ៊ុននេះដែរ បានចាប់ផ្ដើមសាងសង់រោងចក្ររបស់ខ្លួនកាលពីដើមឆ្នាំ ២០២២កន្លងទៅ ជាមួយនឹងបច្ចេកវិទ្យាផលិតឈានមុខគេ។
ក្រុមហ៊ុននេះដែរបានដាក់ទុនវិនិយោគ ៣០០លានដុល្លា ដែលគ្របដណ្តប់លើផ្ទៃដី ១៨០,០០០ម៉ែត្រការ៉េ និងមានសមត្ថភាពផលិតសំបកកង់ក្នុង១ឆ្នាំ គឺសំបកកង់តូច ៥លានគ្រឿង និងសំបកកង់ឡានធំ៩០០,០០០គ្រឿង នាំចេញជាចម្បងទៅកាន់ប្រទេសសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេសប្រេស៊ីល និងប្រទេសផ្សេងទៀត។
ដោយឡែកថ្មីៗនេះ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រោងចក្រផលិតសំបកកង់ខាងលើនេះ ក៏កំពុងប្រើប្រាស់នូវបច្ចេកវិទ្យា AI ឬ ប្រាជ្ញាសិប្បនិមិត្ត ដែលជាបច្ចេកវិទ្យាជឿនលឿនចុង ក្រោយគេ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា ការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន របស់ក្រុមហ៊ុន General Tire នេះគឺដើម្បីសម្រេចបាននូវការផលិតតាមការគ្រោងទុករបស់ក្រុមហ៊ុន។
លោក ឡុង ឌីម៉ង់៖ « រោងចក្រនេះ ជារោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ប្រើប្រាជ្ញាសុប្បនិមិត្ត ជាប្រភេទឧស្សាហកម្មដែលវាសមស្របជាមួយនឹងផែនការមេ នៃគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ។»
លោកបន្តថា៖ « ជាក់ស្ដែង ដូចជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ គឺយើងគាំទ្រ និងលើកទឹកចិត្តឱ្យមានការវិនិយោគ លើវិស័យឧស្សាហកម្មប្រភេទបច្ចេកវិទ្យាខ្ពស់បែបនេះ វាជាការរួមចំណែកមួយទៀត ជួយដល់ការផ្ទេរបច្ចេកវិទ្យាដល់ពលរដ្ឋខ្មែរផងដែរ។»
បើតាមលោកអភិបាលរងរូបនេះ រោងចក្របាននិងកំពុងខិតខំផលិតសំបកកង់រថយន្ដឱ្យគ្រប់ទៅតាម គម្រោងនៃការបញ្ជាទិញរបស់ទីផ្សារក្រៅស្រុកដូចជា អាមេរិក ប៉ែកអឺរ៉ុប និងប្រទេសប្រេស៊ីលផងដែរ
ដោយគោលដៅគឺគ្រោងនឹងផលិតចេញសំបកកង់ធុនតូច ៥លានសំបក និងសំបកកង់ធុន ធំចំនួន៩០ម៉ឺនសំបកក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថា វត្តមានក្រុមហ៊ុន ជេនេរ៉ល ថាយអឺ ថេណូឡូជី (ខេមបូឌា) នៅខេត្តព្រះសីហនុ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋ ការកើនឡើងនូវបរិមាណនាំចេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កំណើនចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធធ្វើឲ្យមានកំណើន និងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ។
ដោយឡែក បច្ចុប្បន្នខេត្តព្រះសីហនុ មានសហគ្រាសតូច-ធំចំនួន២២១ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ទីតាំង មាន៤ទីតាំង កំពុងដំណើរការ។ ផ្អែកតាមចក្ខុវិស័យ និងគោលនយោបាយនាពេលអនាគតដ៏ខ្លីខាងមុខនេះខេត្តព្រះសីហនុ សង្ឃឹមថានឹងទទួលបានវិនិយោគិនបរទេសជាបន្តបន្ទាប់មកវិនិយោគ និងធ្វើពាណិជ្ជ៕