បន្ថែមពីលើទេសចរណ៍ធម្មជាតិ សហគមន៍មូលដ្ឋានគួរបង្កើតជាសហគមន៍កសិកម្មដើម្បីញុំាងសេដ្ឋកិច្ចឱ្យកាន់តែប្រសើរ
នៅតាមតំបន់ការពារធម្មជាតិ ពលរដ្ឋដែលរស់នៅជុំវិញនោះអាចទាញផលប្រយោជន៍ពីធនធានធម្ម ជាតិបានតាមរយៈការរៀបចំជាសហគមន៍ទេសចរណ៍។ ប៉ុន្តែពលរដ្ឋក៏មិនអាចពឹងផ្អែកទាំងស្រុងលើ ទេសចរដែរ ថ្វីបើការដើរកម្សាន្ដគឺមានទៅតាមរដូវកាល ម្យ៉ាងទៀតការដើរកម្សាន្ដបែបផ្សងព្រេងក៏ទំនងជាមិនទាន់ពេញនិយមខ្លាំងក្លាណាស់ដែរក្នុងចំណោមប្រជាជនកម្ពុជា។
ស្របពេលដែលការដាំដុះជាអ្វីដែលប្រជាជនមានចំណេះដឹងស្រាប់ទៅហើយនោះ មុខរបរកសិកម្ម គួរតែជាមុខរបរគោលសម្រាប់ពួកគេ ជាជាងទេសចរណ៍។ ប៉ុន្តែ ការធ្វើកសិកម្មជាលក្ខណៈប្រពៃណី ក៏មិនត្រូវបានគេលើកទឹកចិត្តដែរ ពោលគឺគេលើកទឹកចិត្តឱ្យកែប្រែទៅជាការរួមគ្នាដាំដុះទៅវិញ។
រួមគ្នាដាំដុះ ព្រោះកាលណាចំនួននៃការផលិតមានច្រើន ថ្លៃដើមនៃការផលិតក៏នឹងធ្លាក់ចុះទាប ហើយអាត្រានៃការចំណេញក៏មានច្រើនផងដែរ។ ម្លោះហើយបានជាកន្លងទៅ ក្រសួងកសិកម្ម ខិតខំធ្វើការលើរឿងនេះ និងកំពុងជំរុញបន្ថែមទៀតដល់ក្រុមកសិករឱ្យចងក្រងគ្នាទៅជាសហគមន៍ កសិកម្ម។
ថ្មីៗនេះ គឺថ្ងែទី២៦មិថុនា ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ដែលឋិតនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់ប្រជាសហគមន៍ត្រូវចេះថែរក្សាសមិទ្ធផលដែលទទួលបាន ហើយរួមគ្នាការពារ អភិរក្ស និងទាញប្រយោជន៍ពីធនធានព្រៃឈើរបស់សហគមន៍ដែលក្រសួងបានប្រគល់ឱ្យ តាមរយៈការបង្កើត រៀបចំ និងផ្តល់សេវាដល់ភ្ញៀវទេសចរប្រកបដោយគុណភាព និងភាពរួសរាយរាក់ទាក់ ដោយមិនសំដៅតែលើភ្ញៀវទេសចរអន្តរជាតិ។
ឯកឧត្តមណែនាំបន្ថែមថា សហគមន៍អាចរៀបចំជាកញ្ចប់សេវាទេសចរណ៍ មានការស្នាក់នៅ ម្ហូបអាហារ បន្លែ ត្រី សាច់ ដែលត្រូវបានដាំដុះ និងចិញ្ចឹមតាមបែបធម្មជាតិដល់ភ្ញៀវទេសចរដែលមកលេងកម្សាន្ត ដែលការងារនេះ នឹងអាចផ្តល់ប្រាក់ចំណូលជាប្រចាំ ឬតាមរដូវកាល បន្ថែមពីលើមុខរបរធ្វើស្រែចម្ការ។
ប៉ុន្តែយ៉ាងណា ដើម្បីឱ្យកិច្ចការនេះទទួលបានជោគជ័យ សហគមន៍ត្រូវមានភាពស្មោះត្រង់នឹងគ្នា មានសាមគ្គីភាពគ្នា និងត្រូវចេះធ្វើការរួមគ្នា ដោយមិនត្រូវធ្វើការកាប់បំផ្លាញព្រៃឈើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរយៈពេលខ្លី តែត្រូវចេះរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិដែលនៅសេសសល់ សម្រាប់ទុកជាផលប្រយោជន៍រួមរយៈពេលយូរអង្វែងទៅមុខ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី។
គួរបញ្ជាក់ថា សហគមន៍ព្រៃឈើចង្រ្កាន្តរយ មានទីតាំងស្ថិតនៅភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ នៅឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបញ្ជីផ្ទៃដីព្រៃឈើទំហំជាង១ម៉ឺនហិកតាសម្រាប់សហគមន៍១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិនធ្វើការការពារ និងអភិរក្ខដើម្បីបម្រើដល់វិស័យទេសចរណ៍ ដោយសារព្រៃឈើនៅតំបន់នេះ សម្បូរធនធានធម្មជាតិចម្រុះ មានសត្វស្លាប ទឹកធ្លាក់ ពើងថ្មដុះរៀងដូចចង្រ្កានរាប់រយ កន្លែងគយគន់ទេសភាពព្រៃឈើ និងមានព្រៃឈើតូចធំជាច្រើនកន្លែងជាដើម៕