បង្កៃគ្រាប់បែកក្បែរមូលដ្ឋានទ័ពអាមេរិកនៅជប៉ុនបង្កការភ្ញាក់ផ្អើល
បរទេស៖ កាលពីថ្ងៃម្សិលមិញនេះក្រុមបុគ្គលិករបស់មូលដ្ឋានទ័ពយោធាអាមេរិកដ៏សំខាន់មួយដែលស្ថិតនៅក្នុងប្រទេសជប៉ុន បានធ្វើការជន្លៀសចេញជាបន្ទាន់ក្រោយពេលទទួលបានដំណឹងមានគ្រាប់បែកបង្កប់ចោលនៅក្បែរទីតាំងនេះ។
កាសែតជប៉ុន The Kyodo News បានឲ្យដឹងថាការគម្រាមកំហែងបង្កប់គ្រាប់បែកដែលធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកទៅលើគោលដៅមូលដ្ឋានទ័ព Yokota Air ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងតូក្យូ ហើយប្រតិបត្តិការឆេកឆេនិងត្រួតពិនិត្យនិងបិទទ្វាមូលដ្ឋានទ័ពគ្រប់ច្រកផងបិទផ្លូវផងត្រូវបានធ្វើឡើងភ្លាមៗដើម្បីឆ្លើយតបទៅនឹងដំណឹងដែលទទួលបានកាលពីម៉ោង១០និង២០នាទីព្រឹក។
គួរឲ្យដឹងដែរថាក្រោយប្រតិបត្តិការរុករករួចមកមិនមានរបាយការណ៍នៃអ្នករងគ្រោះនោះឡើយចេញពីំមូលដ្ឋានទ័ពដែលស្គាល់ថាជាមូលដ្ឋានទ័ពកណ្តាលសម្រាប់សហរដ្ឋអាមេរិកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសជប៉ុននេះហើយមកទល់ពេលនេះមូលដ្ឋានទ័ពនេះត្រូវបានបើកដំណើរការវិញហើយ។
គួរឲ្យដឹងដែរថា មូលដ្ឋានទ័ពអាកាស Yokota Air មានទីតាំងស្ថិតនៅលើកោះ Honshu ដែលស្ថិតនៅចំងាយប្រមាណជា២៨ម៉ាលពីទីក្រុងតូក្យូ។នៅទីនេះមានកងកម្លាំងយោធាសរុបប្រមាណជា១៤០០០នាក់ និងលាតសន្ធឹងលើផ្ទៃក្រឡាដល់ទៅជាង៧គីឡូម៉ែត្រការ៉េ។មូលដ្ឋានទ័ពដែលត្រូវបានកសាងឡើងដំបូងតាំងតែពីឆ្នាំ១៩៤០មួយនេះបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងនិងប្រតិបត្តិការដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក៕