Close

និស្សិតសាលាតិចណូ សហការគ្នាធ្វើទឹកសណ្ដែកលក់ក្នុងទូរអគ្គិសនី ផ្ទុះការចាប់អារម្មណ៍ច្រើន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ សង្គម
និស្សិតសាលាតិចណូ សហការគ្នាធ្វើទឹកសណ្ដែកលក់ក្នុងទូរអគ្គិសនី ផ្ទុះការចាប់អារម្មណ៍ច្រើន និស្សិតសាលាតិចណូ សហការគ្នាធ្វើទឹកសណ្ដែកលក់ក្នុងទូរអគ្គិសនី ផ្ទុះការចាប់អារម្មណ៍ច្រើន

ផ្ដើមចេញពីកិច្ចការសាលាដែលគ្រូឧទ្ទេសបានដាក់ឱ្យធ្វើ និស្សិតស្រីៗ៣នាក់បានកែប្រែគម្រោងនោះឱ្យទៅជាមុខរបរតូចមួយគឺធ្វើទឹកសណ្ដែកលក់។

ជានិស្សិតផ្នែកគីមីចំណីអាហារស្រាប់ យុវតី៣រូប គឺ កញ្ញាអ៊ុង រង់ផលទេវី កញ្ញា វឿត​ សុខតី និងកញ្ញាអូន វឌ្ឍនា បានកែច្នៃផលិតផលទឹកសណ្ដែក ដោយប្រើប្រាស់ចំណេះដឹងចេញពីទ្រឹស្ដីបូកនឹងការអនុវត្តផ្ទាល់។

​អាជីវកម្មមួយនេះដែរកើតឡើងដោយមានការជំរុញពីគ្រូបង្គោល និង​បាន​ជំនួយ​ថវិកា​ពី​ World Bank Group នៃសាលាតិកណូ​ផ្ទាល់ ព្រមទាំង​ក្រសួង​អប់រំ​យុវជន និង​កីឡា។​

«អូន​សណ្ដែក» ជាឈ្មោះនៃអាជីវកម្មរបស់របស់យុវតីទាំង៣រូបដោយ «អូន» ​តំណាង​ឱ្យ​ស្ថាបនិក​ស្ត្រី​ទាំង ៣ និង​សណ្ដែក​តំណាង​ឱ្យ​សណ្ដែក​គ្រប់​ប្រភេទ ដែលជា​រួម​មក​ឈ្មោះ​នេះ​មាន​ន័យ​ថា​ ស្ត្រី​ដែល​កែច្នៃ​សណ្ដែក​។

ធៀបជាមួយនឹងទឹកសណ្ដែកទូទៅ កញ្ញា អ៊ុង រង់ផលទេវី បាន​ឱ្យ​ដឹង​ថា​៖ «បើ​យើង​មើល​ពី​ក្រៅ​វា​អត់​ខុស​គ្នាទេ​ មនុស្ស​គ្រប់​គ្នា​ក៏​អាច​ធ្វើ​បាន​ដែរ​ ប៉ុន្តែ​ជាក់ស្ដែង​វា​ខុស​គ្នា​ ដោយ​សារ​ពួក​ខ្ញុំ​ជា​និស្សិត​គីមី​ចំណី​អាហារ​ផ្ទាល់​ ពួក​ខ្ញុំ​ដឹង​ពី​បច្ចេកទេស​ក្នុង​ការ​កែច្នៃ​ផលិតផល​ហ្នឹង​ឱ្យ​វា​មាន​គុណភាព​ល្អ ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី​ ហើយ​ពួក​ខ្ញុំ​ប្រើ​វិធី​សាស្ត្រ​កែច្នៃ​ឱ្យ​ទឹក​សណ្ដែក​នេះ​មាន​រសជាតិ​ខុសប្លែក​ពី​ផលិតផល​ដទៃ​ បើ​តាម​រយៈ​ការ​ដក​ពិសោធន៍​ជា​មួយ​ផលិតផល​លើ​ទីផ្សារ​»។

យ៉ាងណាមិញ ដោយមានការវេចខ្ចប់ស្អាតបាត និងតាមរយៈការផ្សព្វផ្សាយដោយប្រើប្រាស់បណ្ដាញ សង្គម បានធ្វើឱ្យផលិតផលរបស់ក្រុមនិស្សិតទាំងបីនាក់នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន រហូតដល់ក្រុមកញ្ញាមិនអាចផលិតទាន់តម្រូវការ។

កញ្ញា អ៊ុង រង់ផលទេវី៖ «ដោយត្រូវ​រៀន និង​ធ្វើ​សារណា​បញ្ចប់​ឆ្នាំ​សិក្សា​ផង ​ពួក​ខ្ញុំ​ត្រូវ​ការ​អ្នក​ជួយ​គឺ​សិស្ស​ប្អូន ដែល​មាន​ឆ្នាំ​ទី៣ និងទី៤ មក​ជួយ​សរុប​ ១៣នាក់​ បូក​រួម​ទាំង​ពួក​ខ្ញុំ​គឺ ១៦​នាក់​ជា​កម្លាំង​ក្នុង​ការ​ផលិត»។

សម្រាប់​តម្លៃវិញ កញ្ញា អ៊ុង រង់ផលទេវី បានឱ្យដឹងថា​ ក្នុង​១ដបលក់ក្នុងតម្លៃ​ ៣ពាន់​រៀល ហើយដែល​ក្នុង​មួយ​ដប​ចំណុះ ៣៣០​មីលីលីត្រ​ ។ បើ​គិត​ជា​មធ្យម​ សម្រាប់​ខែ​ដែល​លក់​ដាច់​បំផុត​គឺ​ ឈានដល់២ពាន់​ដប និង​តិច​បំផុត​ត្រឹម​​ ៤រយ​ដប។

ក្រៅតែពីការផ្សព្វផ្សាយលក់ក្នុងបណ្ដាញសង្គមទៅ ក្រុមកញ្ញាក៏បានសហការជាមួយក្រុមនិស្សិតផ្សេង​ទៀតក្នុងការលក់ទឹកសណ្ដែកទាំងនោះក្នុងទូរអគ្គិសនីផងដែរ។ ទូរអគ្គិសនីដែលកើតចេញពីការច្នៃ ប្រឌិតរបស់និស្សិតនៃដេប៉ាតឺម៉ង់ផ្សេងទៀត កាន់តែធ្វើឱ្យអាជីវកម្មតូចមួយនេះកាន់តែមានភាពល្បី​ល្បាញ។ ល្បីល្បាញព្រោះទូរអគ្គិសនីនោះមិនត្រូវការមានមនុស្សឈរចាំលក់ដូរជូនភ្ញៀវឡើយ ដោយគ្រាន់តែដាក់ទូរនៅក្នុងទីតាំងសកលវិទ្យាល័យ ហើយអតិថិជនគ្រាន់តែស្កេន QR Code និងបង់ប្រាក់តាមធនាគារ គឺរួចរាល់ហើយ។

ដោយភាពជោគជ័យនេះ កញ្ញា​បានឱ្យ​ដឹង​ថា ខ្លួននិងក្រុមផ្សេងទៀតមាន​គម្រោង​បើក​បន្ត​ទៀត ដោយ​បច្ចុប្បន្ន​នេះ​ខ្លួន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​អភិវឌ្ឍន៍​ផលិតផល​ឱ្យ​កាន់​តែ​មាន​គុណភាព​ជាង​នេះ​ទៅ​ទៀត។ ម្យ៉ាងទៀត សមាជិក​ម្នាក់នៃក្រុមកញ្ញា​កំពុង​សិក្សា​បន្ថែម​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​រក្សា​ទុក​បាន​យូរ​ជាង​នេះ​ និង​ធានា​ថា​វា​គ្មាន​សារធាតុ​រក្សា​ទុក​ដែល​ប្រើ​គីមី ពោល​គឺ​ប្រើ​វិធីសាស្ត្រ​គីមី​ចំណី​អាហារ​ ១បែប​ផ្សេង​ទៀត៕

អត្ថបទទាក់ទង