Close

របរចិញ្ចឹមឃ្មុំ ក្លាយជាមុខរបរដល់ប្រជាសហគមន៍​មូលដ្ឋាន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ សង្គម
របរចិញ្ចឹមឃ្មុំ ក្លាយជាមុខរបរដល់ប្រជាសហគមន៍​មូលដ្ឋាន របរចិញ្ចឹមឃ្មុំ ក្លាយជាមុខរបរដល់ប្រជាសហគមន៍​មូលដ្ឋាន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ កាលពីពេលថ្មីៗនេះបានអញ្ជើញជា​​អធិបតីភាព​​ក្នុងកិច្ចពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹម​ឃ្មុំប្រកប​ដោយនិរន្តរភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា។ កិច្ចពិព្រោះយោបល់នេះដែរ​ មានការចូលរួម​ពីលោក សាដា អ៊ូម៉ា អាឡាម អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងបរិស្ថាន តំណាងស្ថាប័ន និងអង្គការដៃគូជាច្រើនរូបទៀត​។

ដោយឡែក ក្នុងគោលដៅអភិរក្សធម្មជាតិ និងជីវៈចម្រុះ ក្រសួងបានបង្កើតតំបន់ការពារធម្មជាតិនៅ​ទូទាំង​ប្រទេសដែលគ្របដណ្តប់លើផ្ទៃដីសរុបជាង៧លានហិកតា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀប​ចំបង្កើត និងចងក្រងបណ្តាញ សហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ដើម្បី​ជួយគាំទ្រ និងអភិវឌ្ឍសមត្ថភាពរបស់ប្រជាសហគមន៍មូលដ្ឋានឱ្យមានសមត្ថភាព និងការទទួលខុស​ត្រូវក្នុង​ការចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្លាយជាដៃគូសន្ទនាជាមួយ​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី។

យ៉ាងណាមិញ ការងារអភិរក្សឃ្មុំព្រៃ ការចិញ្ចឹមឃ្មុំ ការយកទឹកឃ្មុំ និងផលិតផលផ្សេងៗពីឃ្មុំ នឹងរួមចំណែកបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដោយផ្តល់នូវការអភិវឌ្ឍមួយ ដ៏សមស្រប​ដល់សហគមន៍មូលដ្ឋាន ជាពិសេសការផ្ដល់ជម្រើសមុខរបរ និងការលើកកម្ពស់ជីវភាព​ប្រជាសហគមន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវៈ​ចម្រុះអាចទទួលបានជោគជ័យលុះត្រាតែប្រជាសហគមន៍មូលដ្ឋានមានប្រភពចំណូល ជាប្រចាំនិងមាន​ជីវភាពធូរធារ។

ក្នុងន័យនេះ ដើម្បីធានានិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍លើការងារជាអាទិភាព មួយចំនួនដូចខាងក្រោម៖ ទី១ សូមស្នើតំណាងក្រសួង ស្ថាប័ន អង្គការពាក់ព័ន្ធ ជួយគិតគូរ និងផ្លាស់ប្តួរយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំកិច្ចការនេះឱ្យបានចំគោលដៅមានភាព​ជាក់ស្តែង និងអាចអនុវត្តបាន។ អាចប្រើយន្តការអន្តរក្រសួងដែលមានស្រាប់ដូចជាក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីធ្វើកិច្ចការនេះឱ្យមានប្រសិទ្ធភាព។

ទី២ គួរផ្តោតលើតម្រូវការក្នុងស្រុកជាមុន ទន្ទឹមនឹងស្វែងរកទីផ្សារក្រៅប្រទេសច្បាស់លាស់សម្រាប់ ធ្វើការនាំចេញ ទើបអាចធានានិរន្តរភាពបាន។ ទី៣ គួរផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសារ​ប្រយោជន៍របស់ឃ្មុំធម្មជាតិ ទាំងទិដ្ឋភាពសេដ្ឋកិច្ច និង សេវាកម្មអេកូឡូស៊ី។

គួរបញ្ជាក់ថា ទឹកឃ្មុំត្រូវបានប្រជាពលរដ្ឋទូទៅចាត់ ទុកត្រឹមតែជាឱសថ ប៉ុន្តែក្រសួងបរិស្ថានក៏បាន​ជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកឃ្មុំជាអាហារបន្ថែមប្រចាំថ្ងៃ ព្រោះវាជាប្រភពប្រូតេអ៊ីន និងអាហា​រូបត្ថម្ភដ៏សំខាន់ សម្រាប់ការលូតលាស់នៃសារពាង្គកាយផងដែរ៕

អត្ថបទទាក់ទង