Close

៤ខែដើមឆ្នាំនេះ ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជិត ៤០%

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ សង្គម
៤ខែដើមឆ្នាំនេះ ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជិត ៤០% ៤ខែដើមឆ្នាំនេះ ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនឡើងជិត ៤០%

ភ្នំពេញ ៖ តាមរយៈរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ បានចំនួន​ប្រមាណជាង ២០០លានដុល្លារ មានការកើនជាង ៣៨% បើធៀបនឹងរយៈពេលដូចគ្នា​ក្នុងឆ្នាំ​២០២២។

សម្រាប់កសិករ អុល ផាន់ណា ដែលកំពុងដាំដុះដំណាំកៅស៊ូនៅខេត្តត្បូងឃ្មុំលើផ្ទៃដីប្រមាណជា ៦ហិកតា បានឲ្យដឹងថា ទីផ្សារកៅស៊ូ បច្ចុប្បន្នមានភាពប្រសើរឡើងជាងមុនបន្តិច ប៉ុន្តែតម្លៃក៏មិនទាន់ជាល្អ​ប្រសើរ​​ណាស់ណានោះទេ។

លោកបានរៀបរាប់ថា៖ «ប្រសិនបើទីផ្សារត្រឹមតែប៉ុណ្ណេះ យើងក៏អាចចំណេញបាន ដែរ គ្រាន់តែមិនចំណេញច្រើន ប៉ុន្តែប៉ុណ្នឹងក៏ចាត់ទុកថាល្អដែរ គ្រាន់ជាកាលពីមុនដែលតម្លៃកៅស៊ូ ធ្លាក់ចុះ ហើយលក់ចេញក៏ពិបាក។»

កសិកររូបនេះបានបន្តឲ្យដឹងទៀតថា សព្វថ្ងៃលោកជាជ័រកៅស៊ូ ហើយលក់ក្នុងទម្រង់ជាជ័រកក ដែលអាចទទួលបានតម្លៃជាមធ្យម ២២០០រៀល ក្នុងមួយគីឡូ។ ដោយឡែក តម្លៃជ័រកៅស៊ូនេះ អាចមានឡើង មានចុះ​ ទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។

ជាមួយគ្នានេះ លោក ម៉ែន សុភក្រ្ត ដែលជាប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានឲ្យដឹងថា​ បរិមាណនាំចេញកៅស៊ូរបស់កម្ពុជានៅរយៈពេល៤ខែដើមឆ្នាំនេះ នៅតែរក្សាបានកំណើនជាបន្តបន្ទាប់ ដោយសារតែផ្ទៃដីទទួលផលមានចំនួនច្រើន ដែលជំរុញឲ្យទិន្នផលមានការកើនឡើងផងដែរ។

ប៉ុន្ដែសម្រាប់តម្លៃទីផ្សារកៅស៊ូគិតមកទល់ពេលនេះនៅតែមិនទាន់ងើបឡើងវិញនៅឡើយទេ ហើយ​មូលហេតុ​នៃការធ្លាក់ចុះ ត្រូវបានលោកអះអាងថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅ​មិនទាន់​មានភាពល្អប្រសើរ។ មិនទាន់ល្អប្រសើរព្រោះ ពិភពលោកកំពុងតែប្រឈមនឹងបញ្ហាសង្រ្គាម​នៅអ៊ុយក្រែន ព្រមទាំងវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗផ្សេងទៀត ដែលតិចឬច្រើនវាបានប៉ះពាល់​ដល់​ទីផ្សារកៅស៊ូ​ពិភពលោក និងនាំឱ្យតម្រូវការនៃការប្រើប្រាស់ផលិតផលសម្រេចដែលធ្វើពីជ័រ​កៅស៊ូមាន​​ការធ្លាក់ចុះ។

បើទោះបីជាយ៉ាងនេះក្ដី លោក ម៉ែន សុភក្រ្ក នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា តម្លៃកៅស៊ូរបស់កម្ពុជា នឹងវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ក្រោយស្ថានការសេដ្ឋកិច្ច និងសន្តិសុខពិភពលោកចាប់ ផ្ដើមស្គាល់ភាពធូរស្រាលវិញ៕

អត្ថបទទាក់ទង