លោក Zelensky គ្រោងបើកកិច្ចប្រជុំកំពូលស្តីអំពីដំណើរការសន្តិភាពនៅក្នុងខែកក្កដា
បរទេស៖ យោងតាមការបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែន លោក Vladmir Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាអ៊ុយក្រែននឹងរៀបចំកិច្ចប្រជុំក្នុងទំរង់ស្វែងរកសន្តិភាពមួយដែលគ្រោងនឹងប្រព្រឹត្តនាខែកក្កដាខាងមុខនេះ ពោលគឺនៅចំខួបនៃប្រតិបត្តិការយោធារយៈពេល៥០០ថ្ងៃរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ថ្លែងបញ្ជាក់បែបនេះនៅក្នុងពេលដែលលោកប្រធានាធិបតីកំពុងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេស G7 នៅក្នុងប្រទេសជប៉ុន ហើយលោកប្រធានាធិបតីបានហៅកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងខែកក្កដានោះថាជាកិច្ចប្រជុំដែលអាចនាំពិភពលោកឆ្ពោះទៅរកសន្តិភាពស្ថេរភាព និងវិបុលភាពឡើងវិញ។
លោក Zelensky បានថ្លែងបែបនេះថា៖ក្នុងខែកក្កដា សង្រ្គាមទ្រង់ទ្រាយធំនឹងឈានចូលដល់៥០០ថ្ងៃទៅហើយដែលវាគឺជាពេលវេលា ដ៏ល្អមួយដើម្បីកោះប្រជុំកំពូលនៃរូបមន្តសន្តិភាព ជាកិច្ចប្រជុំកំពូលនៃពិភពលោកទាំងមូល និងជាកិច្ចប្រជុំអ្នកដែលប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ហើយតាំងចិត្តថានឹងធ្វើឲ្យសង្គ្រាមនេះត្រូវបានបញ្ចប់។ ខ្ញុំសូមអញ្ជើញអ្នកដែលមានបំណងចង់ចូលរួមក្នុងការខិតខំនេះជាមួយគ្នា។
យោងតាមពន្យល់របស់លោកប្រធានាធិបតីរូបនេះបានរៀបរាប់ថា៖យើងបានបង្កើតរូបមន្តសន្តិភាពតាមរបៀបដែលធានាថាលក្ខខណ្ឌនីមួយៗគឺត្រូវបានគាំទ្រដោយដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ហើយតាមរបៀបដែលមនុស្សគ្រប់រូបក្នុងពិភពលោកអាចជ្រើសរើសផ្លូវដែលពួកគេអាចរួមចំណែកបានជាមួយគ្នា៕