Close

គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ”

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ” គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ”

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ “សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ”។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា គោលបំណងនៃសេចក្ដីព្រាងច្បាប់នេះ គឺដើម្បីកំណត់អំពីគោលការណ៍ និងវិធានស្ដីពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។

 សូមបបញ្ជាក់ផងដែរថា សេចក្ដីព្រាងច្បាប់នេះ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា។

សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មានអត្ថប្រយោជន៍ដូចខាងក្រោម៖

– កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។

– ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរមានសមត្ថកិច្ចជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។

– ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
– ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។

– ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពីកម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។

– តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។

– ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម៕

អត្ថបទទាក់ទង