Close

រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀត នៅថ្ងៃបិទព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀត នៅថ្ងៃបិទព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២ រដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យមានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បន្ថែមទៀត នៅថ្ងៃបិទព្រឹត្តិការណ៏ស៊ីហ្គេមលើកទី៣២

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានជំរុញឱ្យមានការពង្រឹងបន្ថែមទៀតលើកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍នាថ្ងៃទី១៧ ខែឧសភានេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យ ជូនជាតិ ខណៈកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុងនិងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការជំរុញអោយមានការពង្រឹងបន្ថែមលើការងារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំត្រៀមបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ កិច្ចការងារ ការពារសន្តិសុខ ជារឿងសំខាន់ដែលយើងទាំងអស់គ្នា ក្នុងនាមអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ បើទោះបីកាលពីថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡានេះ យើងទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានយ៉ាងណាក៏ដោយ។ បន្ថែមពីនេះសម្រាប់ការរៀបចំផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ទាំង៧ ទីតាំង ក៏ត្រូវតែរៀបចំឡើងអោយកាន់តែល្អជាងមុន ដើម្បីអោយប្រជាពលរដ្ឋបានទស្សនាកំសាន្ត។

កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោនេះផងដែរ ដោយសារតែមានប្រជាពលរដ្ឋបានទៅចូលរួមទស្សនាលើសពីការកំណត់ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមទុកជាមុនអោយរួចរាល់។

ឯកឧត្ដមឧត្ថមសេនីយ៍ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ៖ កាលពីថ្ងៃបើកកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ មានប្រជាពលរដ្ឋចូលរួមលើសពីការកំណត់ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយនៅខាងក្នុង កំណត់ត្រឹម៥ម៉ឺននាក់ ឡើងដល់ប្រមាណ៦ម៉ឺននាក់ ខាងក្រៅស្តាតប្រមាណ២ម៉ឺនទៀត សរុបប្រមាណ៨ម៉ឺននាក់។ តែសម្រាប់ថ្ងៃបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ អាចនឹងមានអ្នកចូលរួមច្រើនជាងពេលបើក។

ឯកឧត្ដមឧត្ថមសេនីយ៍ ចេវ ហាក់ បានបន្តថា ដូច្នេះទេ យើងត្រូវតែពង្រឹងបន្ថែមទៅតាមការណែនាំរបស់ឯកឧត្តមអភិបាលរាជធានី ទាំងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ដើម្បីអោយព្រឹត្តិការណ៍នាថ្ងៃទី១៧ ឧសភាខាងមុខនេះ ដំណើរការទៅដោយរលូន និងទទួលជោគជ័យជូនប្រទេសជាតិរបស់យើង។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែឧសភាខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ៕

អត្ថបទទាក់ទង