Smiling Gecko៖ ជង្រុកនៃធនធានមនុស្សដ៏សំខាន់របស់កម្ពុជាទៅថ្ងៃអនាគត
ជាការពិត បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិលអស់រយៈពេលជាង៤០ឆ្នាំមកហើយក្ដី ក៏ប៉ុន្តែយើងនៅតែត្រូវការពេលវេលាបន្ថែមទៀតក្នុងការកសាងខ្លួនឡើងវិញ។ ធនធានមនុស្ស និយាយដោយឡែក ជាអ្វីដែលថ្នាក់ដឹកនាំបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ ដ្បិតថាវាជាប្រភពស្នូល នៃការអភិវឌ្ឍប្រទេសជាតិ។
ដើម្បីជាការរួមចំណែកក្នុងការកសាងធនធានមនុស្សដែលមានគុណភាពនៅកម្ពុជា អង្គការអន្តរជាតិដែលមានឈ្មោះថា Smiling Gecko ឬ«តុកែញញឹម» បានបន្ថែមទីតាំងរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីឆ្នាំ ២០១២។
អង្គការនេះបានបង្កើតជាបណ្ដុំសហគមន៍មួយដែលមានទំនាក់ទំនងវិលជុំជាមួយគ្នា ដើម្បីទ្រទ្រង់នូវ គោលដៅសំខាន់មួយគឺ ការអប់រំ។ អង្គការនេះមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង និងដែលលាតសន្ធឹង លើផ្ទៃដីចំនួន ១៥០ហិចតា។
នៅលើផ្ទៃដីទាំង ១៥០ហិចតានេះត្រូវបានគេបែងចែកជាតំបន់ផ្សេងៗគ្នា ហើយដែលតំបន់នីមួយៗបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយរបស់កម្ពុជា។ ក្នុងនោះរួមមាន តំបន់ដាំដុះដំណាំ តំបន់ចិញ្ចឹមសត្វ តំបន់ស្រះទឹកចិញ្ចឹមត្រី តំបន់រោងជាង តំបន់រីស៊ត និងសាលារៀននេះឯង។
ទីតាំងចិញ្ចឹមសត្វ ដាំដុះ ស្រះចិញ្ចឹមត្រី និងរោងជាងនេះ គឺជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កន្លែង ផ្សេងទៀត។ ដំណាំដែលដាំបានគឺជាដំណាំធម្មជាតិ មិនមានប្រើប្រាស់ជីគីមី និងដែលត្រូវបានប្រើ ប្រាស់សម្រាប់ទទួលភ្ញៀវនៅក្នុងរីស៊ត សម្រាប់ចម្អិនអោយសិស្ស ក៏ដូចជាបុគ្គលិកដែលបម្រើការងារនៅ ទីនោះផងដែរ។
រីឯចំណូលដែលទទួលបានពីរីស៊ត នឹងត្រូវយកទៅទ្រទ្រង់ការចំណាយផ្សេងៗនៅក្នុងសាលារៀន ក៏ដូចជាផ្នែកផ្សេងទៀត។
ក្នុងសាលារៀនឯណោះវិញ មានកុមារ៉ា កុមារី ប្រមាណជាង ៣០០នាក់ បានទទួលការបណ្ដុះបណ្ដាលអប់រំទៅតាមស្តង់ដារអ៊ឺរុប។ ពួកគេជាអ្នករស់នៅជុំវិញស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង និងដែលសុទ្ធតែចេញពីក្រុមគ្រួសារមានជីវភាពខ្វះខាត។
ការអប់រំដែលមានស្តង់ដារខ្ពស់នេះ មិនត្រឹមតែជាការផ្ដល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថាក្មេងទទួលបានការមើលថែដិតដល់ទាំងផ្នែកសុខភាព សតិបញ្ញា ការកម្សាន្ដ និងការបណ្ដុះបណ្កាល ជំនាញបន្ថែម។ នេះបើតាមការលើកឡើងរបស់លោកស្រី Barbara Beaufait នាយិកានៃ SGC HISF Education Campus ។
លោកស្រីបានបន្តថា៖ «ក្មេងច្បាស់ជាមិនអាចរៀនបានទេ ប្រសិនបើពួកគេហូបអាហារមិនគ្រប់គ្រាន់ ហើយក៏មិនអាចរៀនបានដែរប្រសិនបើពួកគេមានជំងឺណាមួយ ដូច្នេះអ្វីដែលពួកយើងធ្វើនៅទីនេះគឺ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សស្នូល ហើយច្បាស់ណាស់ពួកគេគឺជាធនធានដ៏សំខាន់សម្រាប់ ប្រទេសកម្ពុជាទៅថ្ងៃអនាគត។»
លោកស្រីបានឲ្យដឹងទៀតថា ក្មេងៗដែលមកសិក្សានៅទីនេះបានទទួលការមើលថែដូចជា មានការផ្ដល់ជូនសម្លៀកបំពាក់ឯកសណ្ឋានសិស្ស មានច្រាស់ដុះធ្មេញម្នាក់មួយសម្រាប់ដែលនឹងត្រូវផ្លាស់ប្ដូរក្នុងរយៈពេល៣ខែម្ដង មានបន្ទប់កាត់ក្រចក សិតសក់ សម្អាតខ្លួន និងទទួលទានអាហារមុននឹងចូលរៀន។ ក្រៅពីនោះ ក៏មាននូវផ្នែកថែទាំសុខភាពពេញមួយតួខ្លួនទៅតាមកាលកំណត់ណាមួយ និងមានបញ្ចូលនូវជំនាញលេងតន្ត្រីជាដើម។
លោក Hannes Schmid ដែលជាស្ថាបនិកនៃអង្គការ Smiling Gecko Cambodia បានគូសបញ្ជាក់ឲ្យដឹងថា មូលហេតុដែលលោកស្វះស្វែងបង្កើតជាសហគមន៍ដូចបច្ចុប្បន្នក៏ព្រោះតែ លោកបានឃើញពីភាពខ្វះខាតនៃប្រជាជនកម្ពុជាដែលរស់នៅតាមតំបន់ដាច់ស្រយាល។ ហើយវិធីក្នុងការជួយដែលយូរអង្វែងគឺការផ្ដល់នូវការអប់រំដែលមានគុណភាពទៅកាន់កូនៗរបស់ពួកគេនេះឯង។
លោកបានសង្កត់ធ្ងន់ថា៖ «លើលោកនេះមិនមានក្មេងដែលកើតមកល្ងង់នោះទេ មានតែក្មេងដែលមិនមានទទួលការមើលថែគ្រប់គ្រាន់ ដែលធ្វើឲ្យពួកគេមិនមានសមត្ថិភាពក្នុងការអភិវឌ្ឍន៍ខ្លួនដូចក្មេងដទៃ ហើយខ្ញុំជឿថាក្មេងៗដែលចេញពីអង្គការយើងទៅនឹងមានទាំងសមត្ថិភាព និងសុខភាពក្នុងការជួយឲ្យ ប្រទេសកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត»៕