សម្ដេចតេជោ ហ៊ុន សែន ប្រដូចផ្លូវជាតិលេខ៧ស្រដៀងទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ភ្នំពេញ ៖ ផ្លូវជាតិលេខ៧ ពីតំបន់រង្វង់មូលស្គន់ដល់ក្រុងកំពង់ចាមត្រូវបានបើកការដ្ឋានសាងសង់ពង្រីកពី ២គន្លងទៅ៤គន្លង នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៧នេះមានសារសំខាន់បំផុត ខណៈដែលសម្ដេចតេជោបានប្រដូចទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។
សម្ដេចតេជោមានប្រសាសន៍ឱ្យដឹងថា ផ្លូវជាតិលេខ៧នេះពីស្គន់ទៅដល់ក្រុងកំពង់ចាមវាមិនខុសគ្នាប៉ុន្មានពីផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុនោះទេ ដូចជា គន្លងផ្លូវ ដែលមានពីរទៅពីរមក និងមានទទឹងសម្រាប់គន្លងនីមួយៗប្រវែង ៣,៥៧ម៉ែត្រ ដែលជាស្តង់ដារផ្លូវល្បឿនលឿនតែម្ដង ។ នេះជាសមិទ្ធផលមួយទៀតដែលកម្ពុជាបានសហការជាមួយសាធារណរដ្ឋប្រជាមានិតចិន ខិតខំស្វះស្វែងរកថវិកាសម្រាប់សាងសង់ ។
សម្ដេចក៏បានថ្លែងអំណរគុណដល់មិត្តចិន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ក្នុងនោះមានហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍទាក់ទងនឹងផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងផ្នែកដទៃទៀត ដែលបានចូលរួមចំណែកយ៉ាងធំជាមួយនឹងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «ផ្លូវជាតិលេខ៧នេះកាលពីដើមឡើយត្រូវបានសាងសង់ដោយប្រើប្រាស់ថវិកាជំនួយឥតសំណងរបស់ជប៉ុន ហើយក្រោយមកទៀតផ្លូវនេះត្រូវបានជួសជុលជាបន្តបន្ទាប់ដោយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ។ ប៉ុន្តែដោយសារតែផ្លូវនេះមានការប្រើប្រាស់ច្រើន មានយានយន្តច្រើនធ្វើដំណើរតាមផ្លូវនេះ ទើបត្រូវការពង្រីកធំជាងមុន និងមានគុណភាពជាងមុន»។
សម្ដេចក៏បានបន្ថែមថា ៖ «ផ្លូវជាតិលេខ៧នេះ ក៏ជាផ្លូវឆ្អឹងខ្នងដែលតភ្ជាប់តំបន់ភូមិភាគកណ្ដាលទៅកាន់តំបន់ភាគឦសាន ដោយផ្លូវនេះក៏បានតភ្ជាប់ពីខេត្តព្រៃវែងទៅកាន់រាជធានីភ្នំពេញ និងបានតភ្ជាប់ពីស្រុកមួយទៅស្រុកមួយ និងពីខេត្តមួយទៅខេត្តមួយទៀតក្នុងតំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ»៕