ក្រុមហ៊ុនផលិតគ្រឿងបង្គុំរថយន្តកូរ៉េចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឍន៍នៅកម្ពុជា
ភ្នំពេញ ៖ ក្រោយសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនរោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្តនៅកម្ពុជា YURA Harness(Cambodia) Co,Ltd កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េមួយនេះ បានបង្ហាញពីបំណងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បន្ថែម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដោយប្រើប្រាស់ធនធាននិស្សិតកម្ពុជា។
លោក Ohm Dae Yoel អគ្គនាយកក្រុមហ៊ុនកូរ៉េដ៏ធំមួយនេះបានថ្លែងថា ដោយមើលឃើញពីស្ថានភាពអំណោយផលសក្តានុពលសេដ្ឋកិច្ច ធនធាន និងទឹកចិត្តការងាររបស់ប្រជាជនកម្ពុជា ក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តបង្កើតរោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តនៅកម្ពុជា ដែលមានទីតាំងនៅភូមិទួលធ្នង់ សង្កាត់ រការធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ដែលជាសាខារោងចក្រទីមួយនៅកម្ពុជា ក្នុងចំណោមរោងចក្រ ទាំង៧១ របស់ YURA Group ជុំវិញពិភពលោក ដោយក្នុងនោះ នៅតំបន់អាស៊ីអាគ្នេយ៍មានសាខាចំនួន១៤ រោងចក្រ រួមមាន នៅវៀតណាម មានចំនួន១២ នៅឥណ្ឌូនេស៊ី ចំនួន ១ និងនៅកម្ពុជាចំនួន១ ជាលើកដំបូង ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឲ្យក្រុមហ៊ុនធ្វើបញ្ជីពីតម្រូវការជាក់ស្តែងនូវជំនាញវិស្វកម្ម និងបច្ចេកទេសអ្វីខ្លះដែលក្រុមហ៊ុនមានតម្រូវកាំរ ដើម្បីក្រសួងសហការសម្របសម្រួល ពីព្រោះក្រសួងមានអគ្គនាយក និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសេនាធិការ ព្រមទាំងដៃគូសហការ តាមរយ:អនុស្សរណៈ យោគយល់គ្នាជាច្រើន ដែលយអាចស្វែងរកបាននូវធនធានមនុស្ស មកបម្រើការក្នុងក្រុមហ៊ុនតាមលក្ខណ:បានភ្លាមៗ ឬក៏ជ្រើសរើសធនធានមនុស្ស ដែលមានសក្តានុពលស្រាប់យកមកបណ្តុះបណ្តាលបន្ថែមរយ:ពេលខ្លី និងមធ្យម ទាំងក្នុង និងក្រៅប្រទេសដើម្បីឲ្យត្រូវមុខជំនាញរបស់ក្រុមហ៊ុនតែម្តង។
ដោយឡែក ទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគាំទ្រ និងលើកទឹកចិត្ត ពីព្រោះ ជាយន្តការសហការដ៏ល្អជាមួយរាជរដ្ឋាភិបាល ដែលកំពុងដំណើរការឆ្លងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ នេះ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឲ្យភាគីកូរ៉េ ដែលជាប្រទេសមានបទពិសោធន៍លើការងារនេះ ធ្វើកិច្ចសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ដើម្បីជំរុញឲ្យយន្តការនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា ៕